ព័ត៌មានអន្តរជាតិ

ប្រទេសចិន និងបណ្តាប្រទេសអាស៊ី កណ្តាលបន្តរួមគ្នាក្នុងទសវត្សរ៍ថ្មី នៃសហគមន៍ជោគវាសនា រួមនៃមនុស្សជាតិ

ជាតថភាពក្រោយឆ្នាំ១៩៩១ បណ្តាប្រទេសអាស៊ីកណ្តាលមានប្រទេសចំនួន៥គឺ ប្រទេសកាហ្សាក់ស្ថាន ប្រទេសអ៊ូសបេគីស្ថាន ប្រទេសតាហ្សីគីស្ថាន ប្រទេសកៀហ្ស៊ីគីស្ថាន និងប្រទេសតួកមេនីស្ថាន ដែលមានព្រំប្រទល់ប្រមាណ១៧០០គីឡូម៉ែត្រជាប់ជាមួយប្រទេសចិន គឺជាអ្នកជិតខាងដ៏ទុកចិត្តនិងស្និទ្ធស្នាល បំផុតរបស់ប្រទេសចិនដែលប្រៀបដូចបបូរមាត់និងធ្មេញអស់ រយៈពេលជាង៣ទសវត្សរ៍កន្លងមកហើយ។

ជាគុណតម្លៃប្រវត្តិសាស្រ្តផ្តើមពីមរតកផ្លូវសូត្ របុរាណតាំងពីជាង២ពាន់ឆ្នាំក្នុងកិច្ចផ្លាស់ប្តូរ និងផលប្រយោជន៍រួមយ៉ាងទូលំទូលាយចងភ្ជាប់ប្រទេសចិន ជាប់ជានិច្ចជាមួយបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥ក្នុង រង្វង់នៃការអភិវឌ្ឍដែលមានលក្ខណៈបរិយាប័ន្ន មានចីរភាព មានការបើកចំហ ការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម ដែលជាជំហានៗ ប្រទេសចិននិងបណ្តាប្រទេស នៅអាស៊ីកណ្តាលបង្កើនល្បឿនសន្ទុះពាណិជ្ជកម្មកើនលើសពី ៣២ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ស្របតាមសុភាសិតចិនបុរាណថា «ការធ្វើដំណើរដ៏វែងឆ្ងាយមួយគឺធ្វើឡើងដោយការឈានជើងមួយជំហានៗអីចឹង»។

ជាសញ្ញាណវិជ្ជមាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងដំណើរឈានឆ្ពោះទៅគ្រោង ផែនទីបង្ហាញផ្លូវថ្មីដើម្បីចាប់ដំណើរការនូវយុគសម័យថ្មីនៃ កិច្ចសហប្រតិបត្តិការ នោះកិច្ចប្រជុំកំពូលលើកទី១រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីកណ្តាល នាថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៣ នៅក្រុងស៊ីអាន ជំរុញឱ្យទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ កំណើនសេដ្ឋកិច្ចលើសពីក្តីរំពឹងទុក កិច្ចសហប្រតិបត្តិការទៅវិញ ទៅមកកាន់តែស៊ីជម្រៅ និងចន្លោះនៃការអភិវឌ្ឍកាន់តែទូលំទូលាយរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីកណ្តាល ដោយបន្តរួមកម្លាំងគ្នាបង្កើនល្បឿននៃកិច្ចកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ រយៈពេល១ទសវត្សរ៍ក្រោមគំនិត ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលបានដាក់ចេញដោយលោក Xi Jinping ប្រធានរដ្ឋចិនក្នុងពេលបំពេញទស្សនកិច្ចនៅ ក្នុងប្រទេសកាហ្សាក់ស្ថានកាលពីខែកញ្ញា ឆ្នាំ២០១៣។

ជាការចេញដំណើរប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៃសសរស្តម្ភរបស់ការកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ គំនិតផ្តួចផ្តើមអរិយធម៌ សកលបាននិងកំពុងបង្កើនឫទ្ធានុភាពដល់ប្រទេសចិន និងបណ្តាប្រទេសអាស៊ីកណ្តាលបង្កើន ការផ្លាស់ប្តូរអន្តរអរិយធម៌ ដើម្បីលើកកម្ពស់ភាពសុខដុមរម្យនា ប្រកបដោយបរិយាប័ន្ន និងគោរពនូវភាពខុសគ្នាទាំងឡាយ។ ប្រទេសចិន យល់ច្បាស់ណាស់ថា ទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសនៅអាស៊ីកណ្តាលនឹងកាន់ តែមានពណ៌ស្រស់ឆើតឆាយ ដោយសារតែមានពិពិធកម្មនៃវប្បធម៌។

ជាហ្សែនរាប់ពាន់ឆ្នាំដែលបានដាក់ជាប់ ក្នុងស្មារតីរបស់ជនជាតិចិន នោះគឺការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការរួមរស់ជាមួយគ្នា ដោយភាពសុខដុមរមនា ដែលជាកត្តាសារវន្តនាំឱ្យកិច្ចប្រជុំកំពូលលើកទី១ក្នុងឆ្នាំ២០២៣ រវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល រក្សាបាននូវស្ពានមេត្រីភាពនូវភាពចម្រុះគ្នានៃវប្បធម៌ និងនូវការលើកទឹកចិត្តពីគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍអរិយធម៌ សកលរបស់មនុស្សជាតិប្រកបដោយនវានុវត្តភាព តាមរយៈយុវជននៃភាគីទាំងពីរ ចិននិងអាស៊ីកណ្តាល នឹងក្លាយជាអ្នកនាំសារនៃមិត្តភាពចិន-អាស៊ីកណ្តាល ហើយរួមចំណែកក្នុងការអភិវឌ្ឍភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ីកណ្តាលដោយបន្តចំណងមិត្តភាព ប្រពៃណីនិងបង្កើតអនាគតដ៏ល្អប្រសើរ។

ជាដំណើរឈានជើងចូលក្នុងទសវត្សរ៍ថ្មីមួយក្រោយរយៈពេល១ ទសវត្សរ៍នៃកិច្ចកសាងសហគមន៍ជោគវាសនា រួមនៃមនុស្សជាតិ កិច្ចប្រជុំកំពូលលើកទី១រវាង ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល បាននិងកំពុងផ្តល់ឱ្យប្រទេសទាំង៦នេះដែលមានប្រជាជនសរុបជាង១៥០០លាននាក់ រួមកម្លាំងគ្នាកាន់តែជិតស្និទ្ធថែមទៀត ដើម្បីបង្កើនល្បឿនកសាងភាពជាដៃគូរឹងមាំកាន់ តែខ្លាំងដែលផ្តល់កិច្ច សហប្រតិបត្តិការឈ្នះ-ឈ្នះ និងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ីកណ្តាល បង្កើតជាគំរូភាពដ៏ប្រសើរ និងជាបំណងប្រាថ្នារួមរបស់មនុស្សជាតិ នៅទូទាំងពិភពលោកស្តីពីការអភិវឌ្ឍ វិបុលភាព ភាពស្មើគ្នា និងភាពយុត្តិធម៌៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top