ព័ត៌មានអន្តរជាតិ

មេដឹកនាំអាហ្វ្រិក ៦រូប នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងទីក្រុងគៀវ

បរទេស ៖ ក្រសួងការបរទេស នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសមេដឹកនាំ នៃប្រទេសក្នុងតំបន់អាហ្វ្រិក ចំនួន៦រូប នឹងត្រូវធ្វើដំណើររួមគ្នា ទៅកាន់ទីក្រុងមូស្គូ និងទីក្រុងគៀវ ដោយសង្ឃឹមថា នឹងអាចជួយសម្របសម្រួល ការចរចាដើម្បីសន្តិភាព រវាងប្រទេសទាំងពីរ។

យោងតាមការ ចេញផ្សាយរបស់កាសែត The Bloomberg បានរាយការណ៍ថា ព័ត៌មានលម្អិត នៃកិច្ចខិតខំប្រឹងប្រែង នៅតែត្រូវបានបញ្ចប់ ប៉ុន្តែបេសកកម្ម របស់ពួកគេអាចប្រព្រឹត្ត ទៅនៅដើមខែមិថុនា ។

ក្រសួងការបរទេស របស់ប្រទេស អាហ្វ្រិកខាងត្បូង បានសរសេរថា មេដឹកនាំទាំង៦ប្រទេស នឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្កូ និងទីក្រុងគៀវ ដើម្បីអាចជួយដល់ការងារ សម្របសម្រួល នៃកិច្ចសន្ទនា ដើម្បីសន្តិភាពហើយយ៉ាងហោចណាស់ នឹងទទួលបាននូវបទឈប់បាញ់ គ្នាណាមួយ។

ប្រភពដដែល បានបន្តទៀតថា គំនិតផ្តួចផ្តើមនេះ ក៏ត្រូវបានបញ្ជូនទៅឲ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ រួចរាល់ហើយផងដែរ ហើយកំពុងរងចាំការគាំទ្រ ពីសំណាក់ភាគីផ្សេងទៀត បូករួមទាំងសហរដ្ឋអាមេរិកផងដែរ។

គួរឲ្យដឹងដែរថា ប្រទេស អាហ្វ្រិកខាងត្បូង គឺជាសមាជិក នៃអង្គការ BRICS ដែលមានចិនរុស្សីប្រេស៊ីល ឥណ្ឌាផងដែរ ហើយបក្សសម្ព័ន្ធនេះ មិនចូលរួមជាមួយនឹងអាមេរិក និងលោកខាងលិចដើម្បីចូលរួមដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្សីឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top