វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានប្រកាស ដាក់ទណ្ឌកម្មលើគោលដៅជាង៣០០ ខណៈដែលមេដឹកនាំក្រុម G7 បានជួបប្រជុំគ្នានៅក្នុងប្រទេសជប៉ុន ក្នុងគោលបំណងដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះការលុកលុយអ៊ុយក្រែន និងបង្កើនកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរបំផុតមួយដែលមិនធ្លាប់មាន ។
គួរបញ្ជាក់ថា ចំណាត់ការនេះ ដែលកំណត់គោលដៅលើ ការគេចវេសពីទណ្ឌកម្មរបស់រុស្ស៊ី ប្រាក់ចំណូលថាមពលនាពេលអនាគត និងខ្សែសង្វាក់ផ្គត់ផ្គង់យោធា-ឧស្សាហកម្ម បង្ហាញពីការដាក់ទណ្ឌកម្មចុងក្រោយបំផុត និងការត្រួតពិនិត្យការនាំចេញ ដែលផ្តោតលើទីក្រុងម៉ូស្គូ ដែលបានឈានដល់គោលដៅរាប់ពាន់ហើយ និងបានដាក់ការទប់ស្កាត់ យ៉ាងខ្លាំងលើប្រទេសរុស្ស៊ី ។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពថ្ងៃនេះនឹងរឹតបន្តឹងបន្ថែមទៀត លើសមត្ថភាពរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងការសងសឹកការឈ្លានពាន ដ៏ព្រៃផ្សៃរបស់គាត់ ហើយនឹងជំរុញកិច្ចខិតខំប្រឹងប្រែង ជាសាកលរបស់យើងក្នុងការកាត់ផ្តាច់ ការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីគេច ចេញពីការដាក់ទណ្ឌកម្ម” ។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិកាំងចំនួន ៥០០នាក់ ដែលនឹងត្រូវបានហាមឃាត់ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម ចុងក្រោយរបស់សហរដ្ឋអាមេរិក។ អ្នកផ្សេងទៀតរួមមានពិធីករទូរទស្សន៍ Stephen Colbert, Jimmy Kimmel និង Seth Meyers ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា