ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត និង រដ្ឋអារ៉ាប់ផ្សេងទៀត បង្ហាញជំហររបស់ខ្លួន ទៅលើជម្លោះរុស្ស៊ី និងអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Faisal bin Farhan បាននិយាយថា រដ្ឋាភិបាលទីក្រុង រីយ៉ាដ និងរដ្ឋអារ៉ាប់ផ្សេងទៀតកំពុងប្រកាន់ជំហរមិនលំអៀងក្នុងជម្លោះអ៊ុយក្រែន និងរុស្ស៊ី ហើយចង់រក្សាទំនាក់ទំនងជាមួយភាគីទាំងពីរ។ លោកបានធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នៅទីក្រុង Jeddah កាលពីថ្ងៃសុក្រ ដែលត្រូវបានចូលរួមដោយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតរបស់អារ៉ាប៊ីសាអូឌីត បាននិយាយថា “ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិមក បណ្តាប្រទេសអារ៉ាប់បានប្រកាន់ជំហរអព្យាក្រឹតភាពវិជ្ជមាន ដោយបើកការសន្ទនាជាមួយភាគីរុស្ស៊ី និងអ៊ុយក្រែន ខណៈពេលដែលធានានូវទំនាក់ទំនងអារ៉ាប់ជាមួយភាគីទាំងពីរ” យើងស្វាគមន៍ចំពោះការស្តាប់ទស្សនៈនៃភាគីទាំងពីរនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ចំណែក មេដឹកនាំអ៊ុយក្រែនបានទទូចដោយមិនបញ្ចេញឈ្មោះអ្នកណាម្នាក់ចេញឡើយ ថា ប្រទេសអារ៉ាប់មួយចំនួនបាននឹងកំពុងធ្វើជាមើលមិនឃើញចំពោះ “ការបញ្ចូលទឹកដីដោយខុសច្បាប់” របស់ក្រុងម៉ូស្គូ។

ប្រទេសអារ៉ាប៊ីសាអូឌីតបានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិច លើទីក្រុងមូស្គូ ដែលរួមមានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការនាំចេញថាមពលរបស់ខ្លួន។ ការបន្តកិច្ចសហប្រតិបត្តិការរបស់ទីក្រុងរីយ៉ាដជាមួយរុស្ស៊ី តាមរយៈអង្គការ OPEC+ ដែលជាក្រុមអ្នកនាំចេញប្រេង បានទាក់ទាញការរិះគន់ពីសហរដ្ឋអាមេរិក។

ទីក្រុង រីយ៉ាដ បានបង្ហាញក្តីសង្ឃឹមថា ខ្លួនអាចស្វែងរកដំណោះស្រាយចំពោះជម្លោះ ដោយសន្យារក្សាទំនាក់ទំនងពាណិជ្ជកម្ម និងការទូតជាមួយរុស្ស៊ី និងអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top