តូក្យូ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ទីក្រុង បេកមុត ភាគខាងកើត នៅតែស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសរបស់លោក ទោះបីជាមានការអះអាងពីរុស្ស៊ីថា បានកាន់កាប់វាទាំងស្រុកក៏ដោយ។
នៅព្រឹកថ្ងៃដដែល សុន្ទរកថារបស់លោក ហ្សេឡិនស្គី ជាភាសាអង់គ្លេសនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើឱ្យមានការភាន់ច្រឡំមួយចំនួន។
ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងបន្ទាប់ពីចូលរួម កិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ លោកបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការបាត់បង់ទីក្រុង ដែលត្រូវបានឡោមព័ទ្ធដោយ និយាយជាភាសាអ៊ុយក្រែន តាមរយៈអ្នកបកប្រែថា “ខ្ញុំយល់យ៉ាងច្បាស់អំពី អ្វីដែលកំពុងកើតឡើងនៅ ទីក្រុងបេកមុត” ។
លោកបានលើកឡើង នៅពេលសួរបន្ទាប់ពីសេចក្តីថ្លែងការណ៍ បើកកិច្ចប្រជុំដោយអ្នកយកព័ត៌មានថា “ខ្ញុំគិតថា ទេ ទីក្រុងបេកមុត គឺនៅក្នុងចិត្តរបស់យើងតែប៉ុណ្ណោះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក បៃដិន បានសន្យាជាមួយលោក ហ្សេឡិនស្គីថា សហរដ្ឋអាមេរិក នឹងបន្តគាំទ្រអ៊ុយក្រែនក្នុងការ ការពារខ្លួនប្រឆាំងនឹងរុស្ស៊ី ដោយប្រកាសកញ្ចប់បន្ថែម សម្រាប់កងកម្លាំងអ៊ុយក្រែន ដែលមានតម្លៃ ៣៧៥លានដុល្លារ រួមទាំងគ្រាប់រំសេវ កាំភ្លើងធំ និងរថពាសដែក។
លោក បៃដិន បានលើកឡើងថា “អ្វីដែលប្រជាជនអ៊ុយក្រែន កំពុងការពារ អ្វីដែលអ្នកបានសម្រេច គឺជាបញ្ហា សម្រាប់ពិភពលោកទាំងមូលក្នុងការសង្កេត រួមគ្នាជាមួយ G-7 ទាំងមូល យើងជាខ្នងបង្អែករបស់អ៊ុយក្រែន ហើយខ្ញុំសន្យាថា យើងនឹងមិនទៅណានោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
