ព័ត៌មានអន្តរជាតិ

កងកម្លាំងប្រយុទ្ធអ៊ុយក្រែន វាយលុកចូលដល់ទឹកដីរុស្ស៊ីហើយ

គៀវ៖ កងកម្លាំងប្រយុទ្ធអ៊ុយក្រែន វាយលុកចូលដល់ទឹកដីរុស្ស៊ីហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ហើយខាង​ក្រោម​នេះ​គឺ​ជា​ការ​វិវត្តន៍​ ចុង​ក្រោយ​បំផុត​ទាក់​ទង ​នឹង​វិបត្តិ​អ៊ុយក្រែន។

អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឬហៅថា “ក្រុមបំផ្លិចបំផ្លាញ និងក្រុមឈ្លបយកការណ៍” បានចូលទៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន។

លោក Gladkov បានឲ្យដឹងនៅក្នុងសារ Telegram ថា យោធារុស្ស៊ី រួមជាមួយនឹងសេវាព្រំដែន ឆ្មាំជាតិ និងសេវាសន្តិសុខសហព័ន្ធ (FSB) កំពុងចាត់វិធានការចាំបាច់ ដើម្បីលុបបំបាត់សត្រូវរបស់ខ្លួន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ក្រសួងការពារជាតិ FSB និងសេវាព្រំដែនបានរាយការណ៍ ពីការញុះញង់របស់អង្គភាពអ៊ុយក្រែន ទៅកាន់ប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន។

លោក Peskov បានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការ ដើម្បីរុញអ្នកបះបោរចេញពីទឹកដីរុស្ស៊ី និងបំផ្លាញក្រុមនេះ ដោយបញ្ជាក់ថា មានកម្លាំង និងធនធានគ្រប់គ្រាន់នៅនឹងកន្លែង” ។

ទូរទស្សន៍អ៊ុយក្រែន Suspilne បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអ្នកនាំពាក្យយោធាម្នាក់ថា ក្រុមទាហានប៉ារ៉ារុស្ស៊ី ចំនួនពីរក្រុមនៅពីក្រោយប្រតិបត្តិការ នៅក្នុងតំបន់ Belgorod របស់រុស្ស៊ី ដែលមានគោលបំណងបង្កើត “រនាំងសន្តិសុខ” ដើម្បីការពារជនស៊ីវិលអ៊ុយក្រែន។

លោក Andriy Yusov អ្នកនាំពាក្យនៃនាយកដ្ឋានស៊ើបការណ៍សំខាន់ នៃក្រសួងការពារជាតិអ៊ុយក្រែន បានលើកឡើងថា ក្រុមអ្នកស្ម័គ្រចិត្តរុស្ស៊ី និងក្រុមកងពលនៃសេរីភាពរុស្ស៊ី កំពុងធ្វើប្រតិបត្តិការនេះ។

លោក Yusov បានលើកឡើងថា “ភារកិច្ច និងលទ្ធផលនៃប្រតិបត្តិការ គួរតែត្រូវបានបង្កើនសន្តិសុខ និងការការពារប្រជាជនស៊ីវិលអ៊ុយក្រែន ពីការវាយប្រហារភេរវកម្ម និងការបាញ់ផ្លោងដោយក្រុមភេរវករ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top