ព័ត៌មានអន្តរជាតិ

ហ្វីលីពីន សម្លឹងមើលការបន្តកិច្ចចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយអឺរ៉ុប

ម៉ានីល ៖ លោក Alfredo Pascual រដ្ឋលេខាធិការពាណិជ្ជកម្ម ហ្វីលីពីន បានឲ្យដឹងថា ប្រទេសហ្វីលីពីន កំពុងបន្តការចរចាពាណិជ្ជកម្មសេរីឡើងវិញ ជាមួយសហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្នុងអំឡុងកិច្ចប្រជុំមួយ លោក Pascual បានប្រាប់សមាជិក ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC) អំពីបំណងរបស់ប្រទេសលោក ក្នុងការវិលត្រឡប់ទៅកាន់តុចរចាជុំវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីហ្វីលីពីន-អឺរ៉ុប (FTA)។

លោក Pascual បានលើកឡើងថា FTA ជាមួយអឺរ៉ុប នឹងជួយហ្វីលីពីន ធានាបាននូវការចូលប្រើប្រាស់ទីផ្សារដោយឥតគិតថ្លៃបន្ថែម និងផ្តល់នូវក្របខ័ណ្ឌអំណោយផល សម្រាប់ការទាក់ទាញការវិនិយោគសំខាន់ៗពីអឺរ៉ុប។

លោកក៏បានលើកឡើង ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការសម្របសម្រួលភាពជាដៃគូអន្តរជាតិ និងការសហការ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបអនុម័តនាពេលថ្មីៗនេះ ដែលនឹងជំរុញលំហូរវិនិយោគ ផ្ទាល់ពីបរទេស។

លោក Pascual បានបន្ដថា “ខ្ញុំចង់បញ្ជាក់ឡើងវិញនូវយុទ្ធសាស្រ្តកំណើនរបស់យើង ដែលផ្តោតលើការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ។ គោលបំណងរបស់យើង គឺដើម្បីជំរុញការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ ដោយលើកកំពស់ទីតាំងសកលនៃវិស័យនាំចេញរបស់យើង និងជំរុញការវិនិយោគទៅក្នុងផ្នែកយុទ្ធសាស្រ្ត” ។

EU-ABC ដែលជាសំឡេងដ៏សំខាន់ នៃធុរកិច្ចអឺរ៉ុបនៅក្នុងតំបន់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានសភាពាណិជ្ជកម្មអឺរ៉ុបចំនួនប្រាំបួន នៅអាស៊ីអាគ្នេយ៍ និងសាជីវកម្មចម្រុះជាតិសាសន៍ធំៗរបស់អឺរ៉ុប នៅទូទាំងវិស័យជាច្រើនដូចជា ផលិតកម្ម សេវាកម្ម ការថែទាំសុខភាព និងភស្តុភារ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top