វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយប៉ាពួញូហ្គីណេកាលពីថ្ងៃចន្ទ ខណៈដែលខ្លួនស្វែងរកការពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ប៉ាស៊ីហ្វិក ចំពេលមានការប្រកួតប្រជែងជាមួយប្រទេសចិន សម្រាប់ឥទ្ធិពលនៅក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងនាយករដ្ឋមន្ត្រី ប៉ាពូញូហ្គីណេ លោក James Marape បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិនៅរដ្ឋធានី Port Moresby របស់ប្រទេសបឡាពូញូហ្គីណេ រួមជាមួយនឹងកិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រ ដែលមានគោលបំណងប្រឆាំងនឹងការនេសាទខុសច្បាប់។
យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក កតិកាសញ្ញាការពារជាតិនឹង “បម្រើជាក្របខ័ណ្ឌមូលដ្ឋាន” ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ កែលម្អសមត្ថភាពនៃកងកម្លាំងការពារជាតិប៉ាពួញូហ្គីណេ និង “បង្កើនស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់”។
អត្ថបទកម្រិតខ្ពស់នៃកិច្ចព្រមព្រៀង មិនត្រូវបានចេញផ្សាយដោយប្រទេសណាមួយឡើយ ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកស្រុក និងអ្នកនយោបាយប្រឆាំងថា វាអាចប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខជាតិរបស់ប្រទេសប៉ាពួញូហ្គីណេ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងស្រុក Loop PNG ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា និស្សិតសាកលវិទ្យាល័យនៅរដ្ឋធានីរបស់ប្រទេសប៉ាពូញូហ្គីណេ និងទីក្រុងធំទីពីរ Lae បានធ្វើបាតុកម្មប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ជុំវិញការព្រួយបារម្ភអំពីកង្វះតម្លាភាពពីរដ្ឋាភិបាលលើកិច្ចព្រមព្រៀងនេះ។
ប្រធាននិស្សិតនៃសាកលវិទ្យាល័យបច្ចេកវិទ្យានៅទីក្រុង Lae លោក Kenzie Walipi បានប្រាប់សារព័ត៌មាន RNZ Pacific ថា “កិច្ចព្រមព្រៀងនៃទំហំនេះត្រូវតែធ្វើឡើងនៅចំពោះមុខសភា និងត្រូវតែមានភាពច្បាស់លាស់ ហើយប្រជាជនត្រូវតែដឹងអំពីផលប៉ះពាល់”៕ ប្រែសម្រួល ឈូក បូរ៉ា