ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតថ្មី របស់ចិន ប្រចាំនៅអាមេរិក ជំរុញឲ្យទំនាក់ទំនងទ្វេភាគី ត្រឡប់ទៅរកផ្លូវត្រូវវិញ

ប៉េកាំង ៖ លោក Xie Feng ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន ប្រចាំនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា គ្រប់គ្រងភាពខុសគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់ទំនង រវាងចិន-សហរដ្ឋអាមេរិក ត្រឡប់ទៅរកផ្លូវត្រូវវិញ។

លោក Xie បានឲ្យដឹងនៅក្នុងសុន្ទរកថា ខ្លីរបស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅពេលមកដល់អាកាសយានដ្ឋាន អន្តរជាតិ John F. Kennedy ថា “ខ្ញុំមានកិត្តិយសណាស់ ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ជាឯកអគ្គរដ្ឋទូតចិនទី១២ ប្រចាំនៅសហរដ្ឋអាមេរិក” ។

លោកបានលើកឡើងថា “ក្នុងនាមជាតំណាង ប្រជាជនចិន ខ្ញុំបានមកទីនេះ ដើម្បីការពារផលប្រយោជន៍របស់ប្រទេសចិន ហើយខ្ញុំចាត់ទុកនេះ ជាទំនួលខុសត្រូវ ដ៏ពិសិដ្ឋរបស់ខ្ញុំ។ ក្នុងនាមខ្ញុំជាបេសកជន របស់ប្រជាជនចិន ខ្ញុំបានមកទីនេះ ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ហើយ​ខ្ញុំ​ចាត់​ទុក​នេះ​ជា​បេសកកម្ម​ ដ៏​សំខាន់​របស់​ខ្ញុំ” ។

លោកបន្ដថា “នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងចិន-អាមេរិក កំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ។ ការតែងតាំងរបស់ខ្ញុំ មានន័យសម្រាប់ខ្ញុំ មិនត្រឹមតែកិត្តិយសប៉ុណ្ណោះទេ ថែមទាំងមានទំនួលខុសត្រូវដ៏ធំធេងផងដែរ”។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានដាក់ចេញនូវគោលការណ៍បី នៃការគោរពគ្នា ទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដែលតំណាងឱ្យផ្លូវជាមូលដ្ឋាន និងត្រឹមត្រូវ សម្រាប់ប្រទេសទាំងពីរ ក្នុងការចុះសម្រុងគ្នាក្នុងយុគសម័យថ្មី។

លោកបន្ថែមថា “យើងសង្ឃឹមថា សហរដ្ឋអាមេរិក នឹងដើរក្នុងទិសដៅដូចគ្នាជាមួយចិន ហើយធ្វើសកម្មភាពក្នុងផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ និងពិភពលោក ដោះស្រាយបញ្ហាសំខាន់ៗ និង រសើបបានត្រឹមត្រូវ ដូចជាសំណួរតៃវ៉ាន់ ស្របតាមគោលការណ៍ ក្នុងសេចក្តីថ្លែងការណ៍ រួមចិន-អាមេរិកទាំង៣ ៕

To Top