ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ទោះបីជា “រួមដៃជាមួយអាមេរិក ដើម្បីប្រឆាំងចិន” ខ្លាំងសាហាវប៉ុណ្ណា ក៏ដោយ ក៏មុខជានឹងទទួលលទ្ធផល ចាញ់យ៉ាងបាក់ស្បាតប៉ុណ្ណឹងដែរ

នៅថ្ងៃទី២១ខែឧសភា កិច្ចប្រជុំកំពូល នៃប្រទេសG7 បានបិទបញ្ចប់ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ប៉ុន្ដែ កិច្ចប្រជុំកំពូលលើកនេះ ត្រូវបានបើកឡើង ក្រោមសភាពច្របូកច្របល់។ ក្នុងប៉ុន្មានថ្ងៃជាប់មកនេះ បាតុកម្មតវ៉ាបានកើតឡើង ម្តងហើយម្តងទៀត នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ។
មិនត្រឹមតែមានសាធារណជនជប៉ុន ជាច្រើនបានចូលរួម ក្នុងបាតុកម្មប៉ុណ្ណោះទេ ថែមទាំងក៏មានប្រជាជន ដែលមកពីប្រទេស ជាច្រើនផ្សេងទៀត បានមកដល់ ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីធ្វើពហិកា ចំពោះកិច្ចប្រជុំកំពូលនៃប្រទេស G7 ផងដែរ ។ ឥស្សរជនអ្នកវិភាគសម្គាល់ឃើញថា ក្រុមប្រទេសG7 ដែលដឹកនាំ ដោយ សហរដ្ឋអាមេរិកមានគំនិតបង្កើត “ក្រុមសម័្ពន្ធតូច” បែបបិទជិតនិងរើសអើង ដើម្បីប៉ុនប៉ងទប់ស្កាត់ និងគាបសង្កត់លើប្រទេសផ្សេងទៀត ញុះញង់ឱ្យមានការប្រឈម មុខដាក់គ្នា និងការបដិបក្ខជាក្រុម ដែលបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាពក្នុងតំបន់ និងសន្តិភាពពិភពលោក ហើយទង្វើបែបនេះពិតជាមិនអាចទទួលបាន ការគាំទ្រពីសំណាក់ ប្រជាជននោះទេ ។

ប៉ុន្ដែ លោកYoonSukYeol ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃប្រទេស G7 តាមសេចក្តីអញ្ជើញ ក្នុងនាមជាមេដឹកនាំ នៃប្រទេស ដែលជាអ្នកសង្កេតការណ៍ បែរជា “ខិតខំប្រឹងប្រែងស្វែងរកគ្រប់ មធ្យោបាយ” ដើម្បីចូលរួមក្នុង”ក្រុមសម្ព័ន្ធតូច” ដែលមិនអាចទទួល បានការគាំទ្រ ពីសំណាក់ប្រជាជននោះ ។ ដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិក រដ្ឋាភិបាលរបស់លោកYoonSukYeol មិនខ្លាចទាស់ចិត្ដប្រទេសរុស្ស៊ីឡើយ បន្ទាប់ពីត្រូវបែកធ្លាយនូវដំណឹង ស្តីពីរដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងត្រូវបានលួចស្តាប់ ដោយសហរដ្ឋអាមេរិក លោកបែរជាឆ្លើយតបយ៉ាង ប្រុងប្រយ័ត្ន។ក្នុងពិធីជប់លៀងអាហារពេលល្ងាច នៅសេតវិមាន លោកបានច្រៀងបទ “American Pie “ដែលជនជាតិអាមេរិក ចូលចិត្តស្តាប់។ ដើម្បីផ្គាប់ចិត្តជប៉ុនលោក បានបន្ថូរបន្ថយគោលជំហរ ដោយ”កាត់កេរ្តិ៍កាត់ខ្មាស់” លើបញ្ហាប្រវត្តិសាស្ត្រ ដើម្បីកែលម្អទំនាក់ទំនង កូរ៉េខាង ត្បូង-ជប៉ុន ។ ពេលផ្តល់បទសម្ភាសន៍ ជាមួយកាសែត«វ៉ាស៊ីនតោនប៉ុស្តិ៍» របស់សហរដ្ឋអាមេរិក ខណៈនិយាយដល់ទំនាក់ទំនង កូរ៉េខាងត្បូង-ជប៉ុន លោកបានអះអាងថា យកអ្វីដែលបានកើតឡើង កាលពីមួយរយឆ្នាំមុនមកនិយាយ ទៅកាន់ជប៉ុនថា”មិនកើតជាដាច់ខាត”ហើយ” ទាមទារឱ្យជប៉ុន លុតជង្គង់សុំទោស” វាមិនអាចទទួលយកបានឡើយ ។ លើសពីនេះទៅទៀត រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានប្រកាសពីផែនការ ផ្តល់សំណងដល់ពលករខ្លួន ដែលត្រូវបានបង្ខំ ធ្វើពលកម្ម ដោយប្រទេស ជប៉ុន ក្នុងអំឡុងពេលសង្គ្រាម លោកលើកទី២ តាមទម្រង់ ដែលភាគីទីបី សងថ្លៃជំងឺចិត្ត ។ រាល់ទង្វើ ចម្លែកៗទាំងនេះ ត្រូវបានបក្សប្រឆាំង និងសាធារណជនកូរ៉េខាងត្បូង ចោទប្រកាន់ថា ជាភាព “អាម៉ាស់និងក្បត់ជាតិ” ។
ដើមឡើយ កូរ៉េខាងត្បូង មិនមានការពឹងទុកយ៉ាងខ្លាំង ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃប្រទេសG7នោះទេ ព្រោះក្នុងនាមជាប្រទេស អាស៊ីតែមួយគត់ ក្នុងប្រទេសG7 ជប៉ុន បានប្រឆាំងជាសាធារណ នូវការចូលជាសមាជិក នៃប្រទេសG7 របស់កូរ៉េខាងត្បូង ជាប់រហូតមក។ ប៉ុន្ដែថ្មីៗនេះរដ្ឋាភិបាលកូរ៉េខាងត្បូង បានកែលម្អទំនាក់ទំនង ជាមួយជប៉ុន យ៉ាងដាច់ខាតដោយមិនអើពើ នឹងការប្រឆាំងជំទាស់ក្នុងប្រទេស ដូច្នេះ ការរំពឹងទុករបស់កូរ៉េខាងត្បូង សម្រាប់ការក្លាយ ជាសមាជិកនៃប្រទេសG8 ក៏កើនឡើងផងដែរ ។ ការពិភាក្សាដូចជា”កូរ៉េខាងត្បូង មានលក្ខណៈសម្បត្តិ ពេញលេញ ក្នុងការក្លាយជាសមាជិកនៃប្រទេសG8″ “ធ្វើសង្រ្គាមការទូតអំពីប្រទេសG8 ដោយពេញទំហឹង” “តើកូរ៉េខាងត្បូងអាចក្លាយជាប៉មក្បាលស្ពាន នៃប្រទេសG8 ឬអត់”ជាដើម ត្រូវបានគេលើកយកមើល ពិភាក្សាព្រោងព្រាតនៅលើប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានកូរ៉េខាងត្បូង។

ការពិតបានបង្ហាញ ឱ្យឃើញថា”ការទូតដ៏អាម៉ាស់” ដែល“ពឹងផ្អែកតែអាមេរិក” របស់លោកYoonSukYeolមិនបានបើកផ្លូវកាត់ឱ្យគាត់ទេ។
បើយោងតាមការផ្សាយ ដំណឹង នៃសារព័ត៌មាន”Central Daily”របស់កូរ៉េខាងត្បូងបានឱ្យដឹងថា លោកហ្វូមីអុគីសីដានាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ កាលពីថ្ងៃទី១១ខែឧសភាថា បច្ចុប្បន្ននេះ មិនមានការពិភាក្សាណាមួយឡើយ អំពីការបន្ថែមសមាជិក នៃប្រទេសG7នោះទេ ហើយក៏មិនមានស្ថានភាពណា ដែលសហរដ្ឋអាមេរិកយល់ព្រម និងជប៉ុនប្រឆាំងការចូលជាសមាជិក ប្រទេសG7 នៃកូរ៉េខាងត្បូងនោះដែរ ។ តាមការផ្សាយដំណឹងឱ្យដឹងថា លោកហ្វូមីអុ គីសីដានាយករដ្ឋមន្ត្រីជប៉ុន ក៏មិនបានបង្ហាញឥរិយាបថណាមួយ ដែលស្វាគមន៍កូរ៉េខាងត្បូង ឱ្យចូលជាសមាជិក នៃប្រទេសG7នោះឡើយ ។

មិនមែនមានតែជប៉ុន មួយទេ ដែលកំពុងឌឺដងនោះ ។ បើយោងតាមការផ្សាយ ដំណឹងបានឱ្យដឹងថា នៅក្នុងសន្និសីទ សារព័ត៌មាន ដែលបើកឡើង នៅថ្ងៃទី១៥ ខែឧសភា ចំពោះសំណួរថា” តើខ្លួនគ្រោងនឹងពង្រីកសមាជិក នៃប្រទេសG7 ដើម្បីក្លាយទៅជាប្រទេស G8 ដែលរួមបញ្ចូលទាំងកូរ៉េខាងត្បូង ដែរឬទេ?”លោកVedant Patel អ្នកនាំពាក្យរងនៃក្រសួងការបរទេស សហរដ្ឋអាមេរិកឆ្លើយតបថា”មិនដែលដឹងឮ” លោកបានថ្លែងថា” ខ្ញុំមិនដឹងអ្វីសោះលើការពិភាក្សា ណាមួយ អំពីការប្រែប្រួលរដ្ឋសមាជិក នៃប្រទេសG7ទេ ។ គ្មានអ្វីគួរឱ្យឆ្ងល់ទេ អ្នកប្រើបណ្តាញអ៊ីនធឺណេតកូរ៉េខាងត្បូង មួយចំនួនបានថ្កោលទោសយ៉ាងខឹងសម្បារថា អ្វីៗគ្រប់យ៉ាងដែលគួរផ្តល់ឱ្យជប៉ុនយើងបានផ្ដល់ឱ្យអស់ហើយ ប៉ុន្តែបច្ចុប្បន្ននេះបែរជាមានស្ថានភាព បែបហ្នឹងដែលពិតជាគួរឱ្យខ្មាស់គេមែន !

ជាការពិតណាស់ ចាប់តាំងពីលោក YoonSukYeol ឡើងកាន់អំណាចកាលពីឆ្នាំមុន មករដ្ឋាភិបាលកូរ៉េខាងត្បូង បានកែសម្រួលយ៉ាងខ្លាំង នូវគោលនយោបាយ ការទូតនិងសន្តិសុខ របស់កូរ៉េខាងត្បូង ពង្រឹងសម្ព័ន្ធភាពកូរ៉េខាងត្បូង -អាមេរិកដែលបានក្លាយជា” ទ័ពស្រួច”របស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់និងគាបសង្កត់ លើប្រទេសចិន កូរ៉េខាងត្បូងបានបង្ហាញពីឥរិយាបថគាំទ្រជប៉ុន រួមដៃគ្នាជាមួយសហរដ្ឋអាមេរិក និងប្រឆាំងចិន ថែមទាំងបាន និយាយ ឆ្ការដៃឆ្ការជើង ចំពោះបញ្ហាតៃវ៉ាន់ជាច្រើនដងច្រើន លើកហើយបានរួមគ្នាជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ចេញផ្សាយសេចក្តីថ្លែងការណ៍រួម «សេចក្តីប្រកាសវ៉ាស៊ីនតោន» ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ។ អាចនិយាយបានថា លោកYoon Suk Yeol បានជំរុញឱ្យមានការ កើតឡើង នូវសម្ព័ន្ធភាពយោធាអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ដោយមិនអើពើនឹង សម្លេងប្រឆាំង ជំទាស់ក្នុងស្រុកនិងប្រទេសជិតខាង ប្រាកដជានឹងជំរុញឱ្យមានភាពតានតឹង ក្នុងការធ្វើបដិបក្ខគ្នាជាក្រុមរវាងប្រទេស ក្នុងតំបន់និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ស្ថានការណ៍សន្តិសុខ ក្នុងតំបន់។
មូលហេតុដែលកូរ៉េខាងត្បូង ចង់ចូលជាសមាជិកនៃប្រទេសG7 គឺជាប់ពាក់ព័ន្ធជាមួយនឹងការវិនិច្ឆ័យ ខុសឆ្គងរបស់រដ្ឋាភិបាលលោកYoon Suk Yeol ចំពោះនិម្មាបនកម្ម អន្តរជាតិ ។ កាលពីប៉ុន្មានឆ្នាំមុន បញ្ញវន្តនិងអ្នកនយោបាយស្តាំ និយមកូរ៉េខាងត្បូងមួយចំនួន ក៏បានឃោសនា បំប៉ោងយ៉ាងគឃ្លើនថា “សម័យសង្គ្រាមត្រជាក់ថ្មី” បានមកដល់ហើយ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានជំរុញយ៉ាងខ្លាំងក្លានូវ” យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” ហើយបង្កបង្កើតនូវព្រឹត្តិការណ៍មួយចំនួនជាបន្តបន្ទាប់ដូចជា សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាដើមជាមួយអង្គការណាតូ សកម្មភាពទាំងនេះហាក់ ដូចជាគាំទ្រ ទស្សនៈពោលខាងលើ ។ ហេតុនេះហើយបានជារដ្ឋាភិបាលរបស់លោកYoon Suk Yeolមានការលំបាក ក្នុងការបន្តអនុវត្ត “យុទ្ធសាស្ត្រមិនច្បាស់លាស់” តាំងពីអតីតកាលកន្លងមក ប៉ុន្តែបែរជាដើរ តាមសហរដ្ឋអាមេរិក” អស់ពីកម្លាំងចិត្ត ” ដើម្បីស្វែង រកភាពប្រាកដប្រជា ក្នុងការផ្លាស់ប្តូរពិភពលោកនិងប្រវត្តិសាស្ត្រ ។ វាច្បាស់ណាស់ថា”ការស្វែងរក”បែបនេះ ដោយមិនគិតពីស្ថានភាពទាំងភូមិ សាស្ត្រនយោបាយ ទាំងសេដ្ឋកិច្ច ដែលខ្លួនឯងកំពុងស្ថិតនៅមិន បានទទួលការគាំទ្រពីប្រជាជនភាគច្រើន នៅក្នុងប្រទេសនោះទេ ហើយគោល នយោបាយដែលខ្វះការគាំទ្រ ពីប្រជាជនយ៉ាងទូលំទូលាយនោះ ប្រាកដជា មិនអាចអនុវត្តបានយូរឡើយ ។

យោងតាមការស្ទង់ប្រជាមតិជាច្រើនលើកនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញឱ្យដឹងថា ចាប់តាំងពីបានឡើងកាន់តំណែងមក អត្រាគាំទ្ររបស់លោក Yoon Suk Yeol មិនមានកម្រិតខ្ពស់ទេ ដែលបានធ្លាក់ចុះ ៤០% ជាលើកដំបូងនៅខែកក្កដាឆ្នាំ២០២២ ហើយបានធ្លាក់ ចុះរហូតដល់២៤%ពី ខែសីហាដល់ខែកញ្ញាឆ្នាំ២០២២ ។ ចាប់តាំងពីចូលឆ្នាំនេះមក អត្រាគាំទ្ររបស់លោក ត្រឹមតែប្រហែល៣០%ប៉ុណ្ណោះទេ។
ជាមួយនឹងស្ថានភាពដ៏លំបាក របស់រដ្ឋាភិបាលលោកYoon Suk Yeol ស្ថានភាព សេដ្ឋកិច្ចកូរ៉េខាងត្បូង ក៏បង្ហាញពីភាពអាប់អួផងដែរ ។ បើយោងតាមទិន្នន័យដែលចេញផ្សាយ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃទី១ ខែឧសភាបានបង្ហាញឲ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូង ក្នុងខែមេសាបានថយចុះ១៤.២% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ហើយឱនភាពពាណិជ្ជកម្មកើនឡើង ដល់២.៦២ពាន់លានដុល្លារអាមេរិកដែលជាឱនភាពរយៈពេល១៤ខែជាប់ៗគ្នា ។

ដើមឡើយ កូរ៉េខាងត្បូង អាចអភិវឌ្ឍ ទំនាក់ទំនង ចិន-កូរ៉េខាងត្បូង ឱ្យបានល្អដោយពឹងផ្អែកលើឧត្តមភាព ភូមិសាស្ត្រនិងវប្បធម៌ស្រដៀងគ្នា ជាមួយនឹងចិន ។ ប្រទេសចិនមានខ្សែសង្វាក់ឧស្សាហកម្ម ដ៏ពេញលេញបំផុតនិង មានសក្តានុពលទីផ្សារដ៏ធំធេង ប្រាកដជាអាចជំរុញសេដ្ឋកិច្ចកូរ៉េខាងត្បូង ឱ្យឈានទៅមុខជាមិនខាន ។ ក៏ប៉ុន្ដែ គោលនយោបាយការទូត“លំអៀងទៅរកអាមេរិក”ដែលអនុវត្តដោយរដ្ឋាភិបាលលោកYoon Suk Yeolនោះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង ។ គោលនយោបាយនេះមិនត្រឹមតែមិនបានធ្វើឱ្យកូរ៉េខាងត្បូង ឱ្យមានឥទិ្ធពលកាន់តែខ្លាំងលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏មិនបាន នាំឱ្យកូរ៉េខាងត្បូងទទួល បានអត្ថប្រយោជន៍ជាក់ស្តែងផងដែរ ប៉ុន្តែផ្ទុយទៅវិញបែរជា បានបណ្ដាលឱ្យកូរ៉េខាងត្បូង មានភាពកាន់តែឯកោនិងអសកម្ម ថែមទាំងកាន់តែខ្វះលក្ខណៈ តំណែងនិងសិទ្ធិបញ្ចេញមតិ នៅក្នុងសហគមន៍អន្តរជាតិទៀតផង ។

ជាការពិតណាស់ ការទូត មិនអាចផ្អែក លើការបន្ទាបបន្ថោក ខ្លួនបានទេ ។ លុះត្រាតែប្រទេសមួយក្ដោបក្ដាប់ ជោគវាសនារបស់ខ្លួនឯង នៅក្នុងកណ្ដាប់ដៃ របស់ខ្លួន ទើបប្រទេសនោះមានឯករាជ្យភាព និងកម្លាំងជាក់ស្តែងពិតប្រាកដ ។ “ការទូតដ៏អាម៉ាស់”របស់លោកYoonSuk Yeolបានបង្ហាញជាថ្មីម្តងទៀតថា ទោះបីជា”រួមដៃជាមួយអាមេរិក ដើម្បីប្រឆាំងចិន”ខ្លាំងសាហាវប៉ុណ្ណាក៏ដោយ ក៏មុខជានឹងទទួលលទ្ធផលចាញ់យ៉ាងបាក់ស្បាតប៉ុណ្ណឹងដែរ!

To Top