ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្ម APEC ជួបប្រជុំគ្នា ស្ដីពីភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមក្នុងសេដ្ឋកិច្ច ពិភពលោក

បរទេស៖ លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កំពុងជួបប្រជុំគ្នា “នៅក្នុងពេលវេលានៃភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមក្នុងសេដ្ឋកិច្ចពិភពលោក” ។

លោកស្រី Tai ដែលជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម (MRT) នៃកិច្ចប្រជុំ APEC ឆ្នាំ២០២៣ បានលើកឡើងថា “យើងជួបគ្នានៅពេលនៃភាពមិនច្បាស់លាស់រួមគ្នា និងបញ្ហាប្រឈមនៅក្នុងសេដ្ឋកិច្ចពិភពលោក រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ផុយស្រួយ វិសមភាព ដែលកំពុងកើនឡើង និងវិបត្តិអាកាសធាតុកាន់តែអាក្រក់” ។ ការ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ The Westin Book Cadillac Detroit ក្នុង​រដ្ឋ Michigan សហរដ្ឋ​អាមេរិក។

លោកស្រីបានបន្ដថា “បញ្ហាប្រឈមទាំងនេះកាន់តែធ្ងន់ធ្ងរឡើង តាមរយៈជំងឺរាតត្បាត និងការកើនឡើងនូវភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ ដែលយើងឃើញសព្វថ្ងៃនេះ។ ដោយមើលឃើញពីចំណុចនេះ យើងត្រូវវាយតម្លៃថា យើងនៅទីណា ហើយគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីរៀបចំខ្លួនយើងឱ្យកាន់តែប្រសើរឡើង សម្រាប់អនាគតដ៏រឹងមាំ និងនិរន្តរភាព” ។

លោកស្រីបានបន្ដថា រដ្ឋមន្ត្រីពាណិជ្ជកម្ម គ្រោងនឹងមានការពិភាក្សាពីអង្គការពាណិជ្ជកម្ម ពិភពលោកនៅរសៀលថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃសុក្រ ពួកគេនឹងបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅ “ការរួមបញ្ចូលយ៉ាងពេញលេញនូវគោលការណ៍នៃនិរន្តរភាព និងការដាក់បញ្ចូលក្នុងគោលនយោបាយពាណិជ្ជកម្មរៀងៗខ្លួន និងការចូលរួមរបស់យើងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត” ។

ក្នុងពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo និងលោកស្រី Tai រៀងៗខ្លួន ហើយផ្លាស់ប្តូរទស្សនៈជាមួយភាគីអាមេរិកលើបញ្ហាចិន-អាមេរិក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម Shu Jueting បានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាបញ្ហានៃក្តីកង្វល់រួម។

កំណើនសេដ្ឋកិច្ចរបស់តំបន់ APEC ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្តិចទៅ ៣,១ភាគរយនៅឆ្នាំ២០២៣ បន្ទាប់ពីមានកម្រិតមធ្យម ២,៦ភាគរយនៅឆ្នាំ២០២២។ កំណើនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ២,៨ភាគរយនៅឆ្នាំ ២០២៤ នេះបើយោងតាមការវិភាគសេដ្ឋកិច្ចថ្មីមួយ ដែលចេញផ្សាយដោយអង្គភាពគាំទ្រគោលនយោបាយ APEC ៕

To Top