វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី នៅក្នុងប្រទេសម៉ាលី ដោយចោទប្រកាន់កងទ័ពឯកជនរុស្ស៊ីនេះថា បានព្យាយាមបិទបាំងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទទួលបានឧបករណ៍យោធា សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន និងធ្វើការតាមរយៈប្រទេសម៉ាលី និងប្រទេសដទៃទៀត។
ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយក៏បានចោទប្រកាន់លោក Ivan Aleksandrovich Maslov ដែលខ្លួនបានពណ៌នាថា ជាប្រធានអង្គភាពទាហានប៉ារ៉ា Wagner និងជាអ្នកគ្រប់គ្រងចម្បងរបស់ខ្លួន ដែលមានមូលដ្ឋាននៅប្រទេសម៉ាលី បានធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាលម៉ាលី ដើម្បីអនុវត្តការដាក់ពង្រាយក្រុមនៅក្នុងប្រទេសម៉ាលី។
លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដាក់ទណ្ឌកម្មរបស់រតនាគារ ប្រឆាំងនឹងអ្នកតំណាងក្រុម Wagner Group ជាន់ខ្ពស់បំផុតនៅក្នុងប្រទេសម៉ាលី កំណត់ និងរំខានដល់ប្រតិបត្តិការសំខាន់ ដែលគាំទ្រសកម្មភាពសកលរបស់ក្រុម” ។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller កាលពីថ្ងៃចន្ទបានឲ្យដឹងថា មានការចង្អុលបង្ហាញថា Wagner បាននិងកំពុងព្យាយាមទិញប្រព័ន្ធយោធាពីអ្នកផ្គត់ផ្គង់បរទេស និងបញ្ជូនអាវុធទាំងនោះឆ្លងកាត់ប្រទេសម៉ាលី៕ ប្រែសម្រួល ឈូក បូរ៉ា