វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹង នៅថ្ងៃសុក្រថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងទៅបំពេញទស្សនកិច្ច សមាជិកថ្មីរបស់អង្គការ NATO គឺប្រទេសហ្វាំងឡង់ នៅសប្តាហ៍ក្រោយ ដែលជាកន្លែង ដែលគាត់នឹងថ្លែងសុន្ទរកថា ដោយការពារប្រទេសអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ។
គួរបញ្ជាក់ថា លោក Blinken នឹងធ្វើដំណើរ នៅថ្ងៃទី១ដល់ថ្ងៃទី២ ខែមិថុនាទៅកាន់ទីក្រុង Helsinki បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រី ការបរទេស នៃសម្ព័ន្ធភាពលោកខាងលិចនៅទីក្រុង Oslo ។ លោកនឹងទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅប្រទេសស៊ុយអែត ដែលជាការចង់ចូលរួមជាមួយអង្គការ NATO ផងដែរ ហើយនឹងជួបជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសទាំង៣នេះ ។
នៅទីក្រុង Helsinki លោក Blinken នឹងជួបប្រជុំថ្លែងសុន្ទរកថា “ដើម្បីរំលេចគ្រប់មធ្យោបាយ ដែលការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន គឺជាបរាជ័យជាយុទ្ធសាស្ត្រ” លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងដូច្នេះ ។
លោក Blinken នឹងគូសបញ្ជាក់ “កិច្ចខិតខំប្រឹងប្រែងបន្តរបស់យើង ដើម្បីគាំទ្រ ដល់ការការពារទឹកដី អធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសអ៊ុយក្រែន ក្នុងការស្វែងរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង” ៕