បរទេស៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី ទទួលបន្ទុកកិច្ចការងារសន្តិសុខព្រំដែន បានអះអាងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជា៣,៥លាននាក់ មកហើយ ដែលបានធ្វើដំណើរចូលទៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងតែពីពេលដែលជម្លោះ រវាងគ្នាបានកើតឡើង កាលពីមួយឆ្នាំកន្លងមក។
ថ្លែងទៅកាន់ទីភ្នាក់ងារ សារព័ត៌មាន TASS មន្ត្រីជាន់ខ្ពស់ដដែលនេះ បាននិយាយថា៖ ដោយសារស្ថានការណ៍មនុស្សធម៌ កាន់តែធ្ងន់ធ្ងរ នៅក្នុងតំបន់នៃអរិភាពអាជ្ញាធររុស្ស៊ី បានចាត់វិធានការមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចូល របស់ពលរដ្ឋអ៊ុយក្រែន រាប់លាននាក់ រួចមកហើយចាប់តាំងតែ ពីខែកុម្ភៈ ឆ្នាំ២០២២។
ទោះបីជាយ៉ាងណាក្តី លោកមិនបានបញ្ជាក់លំអិត ទៀតទេថាចំនួននៃពលរដ្ឋអ៊ុយក្រែន ទាំងនោះ នៅតែបន្តរស់នៅក្នុងប្រទេសរុស្សី នៅឡើយឬពួកគេបានធ្វើដំណើរ បន្តចាកចេញទៅកាន់ប្រទេសផ្សេងទៀត ឬយ៉ាងណានោះទេ។
ទោះបីជាយ៉ាងណាក្តី កាលពីខែមិនា TASS បានរាយការណ៍ថា ចំនួននៃជនភៀសខ្លួន សរុបដែលបានធ្វើដំណើរចាកចេញ ពីអ៊ុយក្រែន ទៅដល់ប្រទេសរុស្សី មានចំនួនច្រើនជាង៥,៤លាននាក់ គិតចាប់តាំងតែពីជម្លោះបានកើតឡើង ដែលក្នងនោះរួមមានកុមារ ជា៧៤ម៉ឺននាក់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី