ព័ត៌មានអន្តរជាតិ

វៀតណាម នឹងកាន់បន្ថយការនាំចេញ អង្ករ ជាង៤លានតោន ក្នុង១ឆ្នាំ នៅត្រឹមឆ្នាំ២០៣០

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា រដ្ឋាភិបាលវៀតណាម បានឲ្យដឹងនៅក្នុងឯកសារមួយ ដែលបង្ហាញពីយុទ្ធសាស្ត្រ នាំចេញអង្ករ របស់ខ្លួនឲ្យនៅត្រឹម៤លានតោន ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ពី៧,១លានតោនក្នុង១ឆ្នាំថា ប្រទេសវៀតណាម មានបំណងកាត់បន្ថយ ការនាំចេញអង្ករ របស់ខ្លួនដល់លានតោន ក្នុង១ឆ្នាំ ។

គួរបញ្ជាក់ថា វិធានការនេះ គឺសំដៅលើ “ការជំរុញការនាំចេញអង្ករ ដែលមានគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ” នេះបើយោងតាមឯកសារ របស់រដ្ឋាភិបាលចុះថ្ងៃសុក្រ ។

ឯកសារបានដាក់ថា ប្រាក់ចំណូលនាំចេញអង្ករ នឹងធ្លាក់ចុះមកនៅត្រឹម២,៦២ពាន់លានដុល្លារ ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ធ្លាក់ចុះពី៣,៤៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ។

ពាណិជ្ជករស្រូវម្នាក់ ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា “ទោះបីជាផ្ទៃដីធ្វើស្រែ របស់វៀតណាម កំពុងធ្លាក់ចុះ ដោយសារតែការប្រែប្រួល អាកាសធាតុ ហើយកសិករមួយចំនួន កំពុងប្តូរទៅដាំដំណាំផ្សេងទៀត និងការចិញ្ចឹមបង្កងក៏ដោយ យុទ្ធសាស្ត្រនេះហាក់ដូចជា ឈ្លានពានពេក” ។

ឈ្មួញរូបនេះបានលើកឡើងថា កសិករមួយចំនួននៅតំបន់ ដីសណ្ដទន្លេមេគង្គ កំពុងប្រែក្លាយផ្នែកខ្លះ នៃស្រែរបស់ពួកគេ ទៅជាចំការផ្លែឈើ ដាំស្វាយ ក្រូចថ្លុង ខ្នុរ និងទុរេន ប៉ុន្តែភាគច្រើននៅតែពឹងផ្អែកលើស្រូវ ។

និន្នាការឆ្ពោះ ទៅរកការដាំដុះបង្គា បាន និងកំពុងកើតឡើង នៅក្នុងតំបន់នេះអស់ជាច្រើនឆ្នាំ ដោយសារការកើនឡើង នៃទឹកសមុទ្រដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុ នាំមកនូវការបង្កើនជាតិប្រៃ នៅក្នុងតំបន់ដីសណ្តមេគង្គ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top