បូរ៉ាតូក្យូ៖ ឆ្មាំឆ្នេរសមុទ្រជប៉ុនបានឲ្យដឹងនៅថ្ងៃចន្ទនេះថា វាត្រូវបានគេជូនដំណឹងថា កូរ៉េខាងជើង គ្រោងនឹងបាញ់បង្ហោះផ្កាយរណបនៅចន្លោះថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី១១ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
កូរ៉េខាងជើង ត្រូវបានគេជឿថា កំពុងត្រៀមខ្លួនសម្រាប់ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ ក្រុងព្យុងយ៉ាង បានឲ្យដឹងថា ខ្លួននឹងគូសបញ្ជាក់ពីតំបន់គ្រោះថ្នាក់ដែនសមុទ្រ ដែលវត្ថុអាចធ្លាក់ក្នុងអំឡុងពេលនោះ។
ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងនៅក្នុងសារមួយថា ខ្លួននឹងសហការជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសពាក់ព័ន្ធផ្សេងទៀត ហើយអំពាវនាវឱ្យមានការអត់ធ្មត់។ ការិយាល័យបានឲ្យដឹងថាខ្លួននឹងប្រមូលនិងវិភាគព័ត៌មាន ខណៈពេលដែលកំពុងរៀបចំ សម្រាប់ស្ថានភាពអាសន្ន។
រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើងបានឲ្យដឹងនៅក្នុងខែធ្នូថា ខ្លួននឹងបញ្ចប់ការរៀបចំ សម្រាប់ផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួននៅខែមេសាឆ្នាំ២០២៣ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៦ កូរ៉េខាងជើងបានបាញ់បង្ហោះរ៉ុក្កែតរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងការព្រមានអន្តរជាតិដដែលៗ បន្ទាប់ពីបានជូនដំណឹងដល់អង្គការដែនសមុទ្រអន្តរជាតិអំពីផែនការបាញ់បង្ហោះផ្កាយរណបអង្កេត៕
ប្រែសម្រួល ឈូក