ព័ត៌មានអន្តរជាតិ

«កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ» ពីទស្សនវិជ្ជាចិន ទៅជាគោលការណ៍សកល

ជាទស្សនវិជ្ជារបស់ចិន ដែលបានផ្តួចផ្តើម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយលោក Xi Jinping ប្រធានរដ្ឋចិន នោះគឺ «កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ» ដែលវាជាយុទ្ធសាស្ត្រដ៏សំខាន់ នៅក្នុងគតិបណ្ឌិតចិនរួម ជាមួយនឹងទស្សនវិស័យ ជាសកលយ៉ាង ទូលំទូលាយ ហើយបានរចនាប្លង់មេ សម្រាប់ការអភិវឌ្ឍសន្តិភាព និងកសាងពិភពលោក ដោះស្រាយក្នុងការប្រឈមមុខ នឹងបញ្ហាជាសកលនានា ។
ប្រទេសចិនបានអំពាវនាវ ឱ្យប្រជាជននៃប្រទេសទាំងអស់ ធ្វើការរួមគ្នាក្នុងការកសាងពិភពលោក ដែលបើកចំហ បរិយាប័ន្ន បៃតងភាព សន្តិភាពយូរអង្វែង សន្តិសុខសកល និងវិបុលភាពរួម។ បច្ចុប្បន្ននេះ ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ៗ នៅក្នុងតំបន់ និងប្រទេសជាង១៤០នៅក្នុងពិភពលោក ដើម្បីបង្កើនល្បឿន ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមាន លក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាង សេដ្ឋកិច្ចពិភពលោកមួយ ដែលបើកចំហ ។ ក្រោមទម្រ នៃទស្សនវិជ្ជាចិនស្តីពី «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ទើបកម្លាំងរួមគ្នាក្នុង រយៈពេល១០ឆ្នាំនេះបាននាំពិភពលោក ឈានទៅបិទបញ្ចប់គោលនយោបាយគាំពារពាណិជ្ជកម្ម និងគោលនយោបាយឯកោនិយម ដែលមិនផ្តល់ផលប្រយោជន៍អ្វីទាំងអស់។

ជាសច្ចភាពគ្មានប្រទេសណាមួយ អាចដោះស្រាយដោយ ឯកឯងបានឡើយ នឹងបញ្ហាប្រឈមផ្សេងៗ ដែលមនុស្សជាតិកំពុងជួបប្រទះនោះទេ ហើយក៏គ្មានប្រទេសណាមួយ អាចដកថយទៅនៅឯកោបិទបាំងឬគេចវេសពីបញ្ហាសកលបានដែរ ។ មិនថាប្រទេសមួយជាប្រទេសធំឬតូច ជាប្រទេសខ្លាំងឬខ្សោយ ជាប្រទេសមានឬក្រ ចំណុចដែលសំខាន់នោះ គឺអធិបតេយ្យភាព បូរណភាពដែនដីនិងសេចក្តីថ្លៃថ្នូរត្រូវបានទទួលនូវការគោរព។ ការប្រាស្រ័យទាក់ទងនិងការពិភាក្សា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយភាពខុសគ្នា។ ការប្រឆាំងភេរវកម្ម គឺជាកាតព្វកិច្ច រួមរបស់ប្រទេសនីមួយៗ ដើម្បីរួមកម្លាំងគ្នាបន្តលើកឆ័ត្រសុវត្ថិភាពសម្រាប់មនុស្សជាតិនៅលើពិភពលោក ។ ការចរចានយោបាយគឺ ជាមធ្យោបាយមូលដ្ឋានដើម្បីដោះស្រាយជម្លោះ ជាក់ស្តែងនាដើមឆ្នាំ២០២៣នេះ ដោយមានប្រទេសចិន ជាអ្នកសម្របសម្រួលនិងផ្ដល់ទីតាំងចរចា ប្រទេសអ៊ីរ៉ង់ និងប្រទេស អារ៉ាប៊ីសាអូឌីត បានឈានដល់ ការឯកភាពគ្នា ភ្ជាប់ទំនាក់ទំនងឡើងវិញ ដោយបិទបញ្ចប់អរិភាព របស់ប្រទេសទាំងពីរនេះ ដែលបានផ្ដាច់ទំនាក់ទំនងការទូត ជាមួយគ្នាតាំងពីឆ្នាំ២០១៦មក។

ជាតក្កភាព ដែលមានចរិតវិទ្យាសាស្រ្ត កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិដែលបានផ្តួចផ្តើមឡើង ដោយប្រទេសចិន គឺជាស្នូល នៃការអភិវឌ្ឍបម្រើ ដល់មនុស្សជាតិ ដែលនឹងក្លាយជាអនាគត ជាជោគវាសនានៃភពផែនដីរបស់យើង ។ ពិភពលោកនៅចាំបានថា ប្រទេសចិនបានបញ្ជូន ក្រុមរក្សាសន្តិភាពសរុបជាង៥០ ០០០នាក់ និងបានបញ្ជូនក្រុមបុគ្គលិកពេទ្យចំនួន៣០ ០០០នាក់ ទៅកាន់ប្រទេសនិង តំបន់ចំនួន៧៦នៅ ទូទាំង ពិភពលោក ដែលជាការគូសបញ្ជាក់ឱ្យពិភពលោក បានឃើញយ៉ាងច្បាស់នូវចរិត លក្ខណៈតាមបែបផែនចិន ក្នុងនាមជាប្រទេស មហាអំណាច ដែលតែងគាំទ្រដល់កិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ប្រយោជន៍ដើម្បីបង្កើន សាមគ្គីភាពជំនួសឱ្យការបែកបាក់គ្នា ពន្លាតកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះជំនួសឱ្យអរិភាពគ្នា ព្រមទាំងបន្តគុណតម្លៃរួម នៃមនុស្សជាតិជំនួសឱ្យ ការគំរាមកំហែង ដែលនេះវាជាគោលបំណងនិងគោលដៅ ជាឆន្ទៈនិង បំណងប្រាថ្នារបស់មនុស្សជាតិ។

ជាការប្រែក្លាយពីទស្សនវិជ្ជាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ទៅជាគោលការណ៍សកល ដោយគិតមកដល់ឆ្នាំ២០២៣នេះ គឺរយៈពេល១០ឆ្នាំកន្លងមកហើយ ដែលប្រទេសចិនបានរួមកម្លាំង ជាមួយបណ្តាប្រទេសលើពិភពលោក ដោយបន្តការរួមចំណែកថ្មីនិងធំជាងមុន ដោយជំរុញឱ្យពិភពលោក ប្រែទៅជាភូមិសកលដ៏ធំមួយពោរពេញដោយអនាគតដ៏រុងរឿង និងបៃតងភាព និងបានប្រែទៅជាភូមិ ប្រកបដោយឧទ្យានចម្រុះអរិយធម៌ ដ៏ស្រស់ត្រកាលរួមគ្នាសម្រាប់មនុស្ស ជាង៨ពាន់លាននាក់ ។ ភូមិសកលដែលបានចេញពីទស្សនវិជ្ជាចិនស្តីពី «កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ» បានបង្កើនទំនុកចិត្ត បង្កើនកម្លាំងរួមគ្នាឈរលើជំហ នៅក្នុងសច្ចភាពយ៉ាងច្បាស់លាស់ នៃប្រវត្តិសាស្ត្រ ហើយបន្តប្រកាន់ខ្ជាប់នូវវឌ្ឍនភាពមាគ៌ាទំនើបកម្ម សង្គមរបស់មនុស្សជាតិ ឈានឆ្ពោះទៅសម្រេច បាននូវសន្តិភាព និងការអភិវឌ្ឍពិភពលោក ប្រកបដោយចីរភាព៕

(ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន)

To Top