បរទេស៖ សាធារណរដ្ឋឥស្លាម បានប្រមូលផ្តុំប្រព័ន្ធការពារ ក្នុងស្រុកជាច្រើន ដើម្បីត្រួតពិនិត្យ និងការពារដែនទឹកចេញពី ច្រាំងសមុទ្ររបស់ខ្លួន រួមទាំងកាំជ្រួចមីស៊ីលរយៈចម្ងាយ ឆ្ងាយ កម្រិតខ្ពស់ រ៉ាដា និងឧបករណ៍ត្រួតពិនិត្យ ក្រោមទឹកសូណា។ កាលពីខែមុន កងទ័ពជើងទឹកអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបង្ខំឱ្យនាវាមុជទឹកផ្ទុកមីស៊ីលផ្លោង របស់អាមេរិក ឡើងមកលើផ្ទៃទឹក ខណៈដែលនាវានេះព្យាយាម លួចចូលតាមច្រកសមុទ្រ Hormuz ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Alireza Tangsiri បាននិយាយថា សហរដ្ឋអាមេរិក “ខុសខ្លាំង” ក្នុងប្រតិបត្តិការនាវាចម្បាំង នៅឈូងសមុទ្រពែក ហើយអ៊ីរ៉ង់ “គ្មានជម្រើសអ្វីក្រៅពីរក្សាជំហរ និងទប់ទល់” ឬប្រឈមមុខនឹងអនុត្តរភាពនៃមហាអំណាចខាងក្រៅនេះទេ។
មេបញ្ជាការបាននិយាយដោយថ្លែង ក្នុងពិធីផ្លូវការមួយនៅទីក្រុង Dezful ភាគនិរតីប្រទេសអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ ដើម្បីរំលឹកដល់ការតស៊ូ របស់ទីក្រុងក្នុងអំឡុងពេល សង្រ្គាមអ៊ីរ៉ង់-អ៊ីរ៉ាក់ឆ្នាំ ១៩៨០-១៩៨៨ ថា “អ្នកពិតជាខុសដែលមាន វត្តមាន នៅក្នុងតំបន់របស់យើង” ។ សន្តិសុខនៃឈូងសមុទ្រពែក្ស ត្រូវបានធានាដោយអ៊ីរ៉ង់ និងបណ្តាប្រទេសក្នុងតំបន់ ហើយមិនចាំបាច់មានអ្នក ឬប្រទេសផ្សេងទៀតមានវត្តមានឡើយ”។
ដោយរំលឹកពីថ្ងៃមុនបដិវត្តន៍ឆ្នាំ ១៩៧៩ នៅពេលដែលអាមេរិក និងអង់គ្លេសបានចាត់ទុកអ៊ីរ៉ង់ដូចជា “អាណានិគមរបស់ពួកគេ” លោក Tangsiri បាននិយាយថា “ស្មារតី និងការលើកទឹកចិត្ត នៃការតស៊ូបានធ្វើឱ្យប្រទេសអ៊ីរ៉ង់ មានភាពថ្លៃថ្នូរ និងកិត្តិយស ហើយឥឡូវនេះប្រជាជាតិអ៊ីរ៉ង់ កំពុងឈរដោយខ្លួនឯង ជើងពីរជាមួយនឹងការតស៊ូ ធ្វើឱ្យលោកខាងលិចមិនសប្បាយចិត្ត៕
ប្រែសម្រួលៈ ណៃ តុលា