JOHANNESBURG៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ថាលោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានតែងតាំងក្រុមការងារមួយ ដើម្បីស៊ើបអង្កេតលើ ការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ដែលថា កប៉ាល់របស់រុស្ស៊ី បានប្រមូលយកអាវុធ ពីមូលដ្ឋានកងទ័ពជើងទឹក នៅជិតក្រុង Cape Town កាលពីឆ្នាំមុន ។
គួររំលឹកថា លោក Reuben Brigety ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាហ្វ្រិកខាងត្បូង បានកាលពីថ្ងៃទី១១ ឧសភាកន្លងទៅនេះថា លោកមានទំនុកចិត្តថា កប៉ាល់របស់រុស្ស៊ី ដែលចូលចត នៅមូលដ្ឋានទ័ពជើងទឹក ក្នុងទីក្រុង Simonstown ក្នុងនៅភាគខាងលិចនៃក្រុង Cape កាលពីខែធ្នូឆ្នាំមុន បាននាំយកអាវុធពីអាហ្វ្រិកខាងត្បូង នោះទេ ។
ចាប់តាំងពីពេល នោះមក អាហ្វ្រិកខាងត្បូងបានបដិសេធ ការចោទប្រកាន់នេះ ។
ចំពោះការចោទប្រកាន់នេះ បានបង្កឱ្យមានជម្លោះការទូត រវាងសហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង និងរុស្ស៊ី ហើយបានចោទសួរ អំពីជំហរមិនចូលបក្សសម្ព័ន្ធ របស់អាហ្វ្រិកខាងត្បូង លើជម្លោះអ៊ុយក្រែន ។
ប្រទេសអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា ខ្លួនមិនលម្អៀង ហើយបានបដិសេធមិនបោះឆ្នោត លើដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ស្តីពីសង្គ្រាមឡើយ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ប្រធានាធិបតីបានសម្រេចចិត្តបង្កើតការស៊ើបអង្កេតនេះ ដោយសារតែភាពធ្ងន់ធ្ងរ នៃការចោទប្រកាន់ ទំហំនៃផលប្រយោជន៍សាធារណៈ និងផលប៉ះពាល់ នៃបញ្ហានេះទៅលើទំនាក់ទំនងអន្តរជាតិ របស់អាហ្វ្រិកខាងត្បូង” ។
ក្រុមប្រឹក្សាដែលមានសមាជិក៣រូប នឹងដឹកនាំដោយលោក Phineas Mojapelo អតីតប្រធានចៅក្រមរងនៃខេត្ត Gautengផងដែរសម្រាប់ធ្វើការស៊ើបអង្កេត លើករណីដែលបានចោទប្រកាន់នេះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា