ព័ត៌មានអន្តរជាតិ

លោក Erdogan នឹងបន្តពង្រឹងឥទ្ធិពល ក្នុងតំបន់របស់តួកគី ក្រោយជាប់ឆ្នោតអាណត្ដិថ្មី

អង់ការ៉ា៖ ប្រធានាធិបតីតួកគី ដែលកំពុងកាន់អំណាចលោក Recep Tayyip Erdogan បានធានាអាណត្តិទី៣ របស់លោកនៅលើមុខតំណែង បន្ទាប់ពីបានឈ្នះការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ។ អ្នកជំនាញជឿថា អ្នកនយោបាយជើងចាស់រូបនេះ ទំនងជារក្សាតុល្យភាពរវាងលោកខាងលិច និងបូព៌ា ដើម្បីរក្សាទីតាំងតួកគី ជាក្រុមទម្ងន់ធ្ងន់ប្រចាំតំបន់។

នៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ លោក Erdogan បានទទួលសំឡេងគាំទ្រ ៥២,១៤ ភាគរយ។ ប្រធានក្រុមប្រឹក្សាបោះឆ្នោតកំពូលតួកគី លោក Ahmet Yener បានឲ្យដឹងថា គូប្រជែងរបស់លោក គឺលោក Kemal Kilicdaroglu ទទួលបាន ៤៧,៨៦ ភាគរយ។ ជ័យជម្នះនេះអនុញ្ញាតឱ្យលោក Erdogan បន្តកាន់អំណាចរយៈពេល ៥ឆ្នាំទៀត។

អស់រយៈពេលជាយូរមកហើយ ដើម្បីបង្កើនសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់តួកគី មេដឹកនាំទួរគីបានភ្ជាប់សារៈសំខាន់ ចំពោះសមាជិកភាពណាតូរបស់ ប្រទេសនៅលើឆាកអន្តរជាតិ ហើយបានចូលរួមក្នុងសកម្មភាពតុល្យភាព ដ៏ទន់ភ្លន់រវាងលោកខាងលិច និងបូព៌ា។

នៅពេលដែលលោកបានប្រកាស ពីសេចក្តីថ្លែងការណ៍បោះឆ្នោតរបស់លោក នៅទីក្រុងអង់ការ៉ាក្នុងខែមេសា លោក Erdogan បានណែនាំថាប្រទេសរបស់លោកនឹង បន្តដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចការតំបន់។

លោកបានលើកឡើងថា “យើងនឹងកសាងអ័ក្សតួកគី ជាមួយនឹងគោលនយោបាយការបរទេស ដែលទាំងប្រទេសរបស់យើង តំបន់របស់យើង និងមនុស្សជាតិនឹងស្វែងរកសន្តិភាព និងស្ថិរភាព ពហុភាគីនិយម កិច្ចសហប្រតិបត្តិការបន្ថែមទៀត សន្តិភាព ស្ថិរភាព និងការទូតមនុស្សធម៌” ។

លោក Batu Coskun អ្នកវិភាគហានិភ័យនយោបាយឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងអង់ការ៉ាបានឲ្យដឹងថា លោក Erdogan ទំនងជាមិនផ្លាស់ប្តូរទិសដៅនោះទេ ដោយបន្ថែមថាកិច្ចការសំខាន់ សម្រាប់ប្រទេស គឺការផ្សះផ្សាជាមួយអតីតសត្រូវ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top