អង់ការ៉ា៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានព្រមព្រៀងគ្នាជាបន្ទាន់ ដើម្បីបង្កើនទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងផ្លាស់ប្តូរឯកអគ្គរដ្ឋទូត។
ការផ្លាស់ប្តូរនេះបានកើតឡើងក្នុងអំឡុងពេលទូរស័ព្ទដោយលោក Sisi ទៅកាន់លោក Erdogan ដើម្បីអបអរសាទរប្រធានាធិបតីតួកគីរូបនេះ ក្នុងការបោះឆ្នោតឡើងវិញរបស់លោក សម្រាប់អាណត្តិប្រធានាធិបតីថ្មី នេះបើយោងតាមសេចក្តីថ្លែងការណ៍។
មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើទំនាក់ទំនងជាប្រវត្តិសាស្ត្រដែលភ្ជាប់អេហ្ស៊ីប និងតួកគី និងប្រជាជនរបស់ពួកគេ ហើយមេដឹកនាំទាំងពីរ ក៏បានឯកភាពលើការជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមកផងដែរ។
ទំនាក់ទំនងរបស់តួកគី ជាមួយអេហ្ស៊ីប បានប្រែជាជូរចត់ បន្ទាប់ពីអតីតប្រធានាធិបតី អេហ្ស៊ីបលោក Mohamed Morsi ត្រូវបានបណ្តេញចេញ ពីតំណែង កាលពីខែកក្កដា ឆ្នាំ២០១៣ ហើយក្រុមភាតរភាពមូស្លីម ដែលគាំទ្រ ដោយភាគីតួកគី របស់លោកត្រូវបានហាមឃាត់ ដោយជំរុញឱ្យប្រទេសទាំងពីរ បណ្តេញឯកអគ្គរដ្ឋទូតគ្នា ទៅវិញទៅមក៕
ប្រែសម្រួល ឈូក បូរ៉ា