សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបញ្ចប់ដោយការបរាជ័យ ដោយបានបញ្ជូនឧបករណ៍ជំរុញ និងបន្ទុកធ្លាក់ចូលទៅក្នុងសមុទ្រ ហើយយោធាកូរ៉េខាងត្បូងបានលើកឡើងថា ខ្លួនបានរកឃើញផ្នែកខ្លះនៃយានបាញ់បង្ហោះនោះ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍ថា គ្រាប់រ៉ុក្កែតដែលបាញ់បង្ហោះផ្កាយរណបថ្មី ឈ្មោះថា “Chollima-1” បានបរាជ័យដោយសារតែ អស្ថិរភាពនៅក្នុងម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈ ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះ គឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបទី៦ របស់រដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ ។ វាត្រូវបានគេសន្មត់ថា ជាផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងជើង ដែលបញ្ជូនទៅក្នុងគន្លងតារាវិថី ។
ករណីនេះដែរបានជំរុញឱ្យមានការប្រកាសអាសន្ន និងការព្រមានអំពីការជម្លៀស នៅក្នុងផ្នែកនៃប្រទេសកូរ៉េខាងត្បូង និងជប៉ុន ។ ប៉ុន្តែ ក្រោយមកការជូនដំណឹងត្រូវបានដកចេញ ដោយមិនមានការរាយការណ៍ពីគ្រោះថ្នាក់ ឬការខូចខាតអ្វីនោះទេ ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា យោធាកំពុងធ្វើប្រតិបត្តិការរុករក ដើម្បីនាំយកមកវិញនូវអ្វីដែលគេជឿថា ជាផ្នែកនៃយានអវកាស ដែលបានបាញ់បង្ហោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា