សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២៣ថា ក្រុមអ្នកជំនាញផ្នែកសុវត្ថិភាពនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ដែលបានទៅបំពេញទស្សនកិច្ចនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបានបំផ្លាញរបស់ប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃពុធនេះថា ការវិភាគលម្អិត គឺចាំបាច់ដើម្បីផ្ទៀងផ្ទាត់ផែនការរបស់ប្រទេសជប៉ុន នៅក្នុងការបញ្ចេញទឹកកខ្វក់រាប់តោនពីរោងចក្រនេះបង្ហូរចូលទៅក្នុងសមុទ្រ ។
ស្ថានីយ៍នុយក្លេអ៊ែរ Fukushima Daiichi ដែលមានចម្ងាយប្រហែល២២០គីឡូម៉ែត្រភាគឦសាននៃទីក្រុងតូក្យូ ត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិកម្រិត៩រ៉ិចទ័រនៅក្នុងឆ្នាំ២០១១ដែលធ្វើឱ្យមានការរលាយម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣ផងដែរ ។
ប្រទេសជប៉ុន គ្រោងនឹងបោះបង្ហូរចោលទឹកកខ្វក់ជាង១លានតោន ដែលត្រូវបានប្រើជាចម្បងដើម្បីធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់ទៅក្នុងសមុទ្រនៅអំឡុងរដូវក្តៅនេះ ដែលបង្កឱ្យមានការជូនដំណឹងនៅក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសសហគមន៍នេសាទ ។
លោក Yoo Guk-hee ប្រធានគណៈកម្មការសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅទីតាំងមួយកាលពីសប្តាហ៍មុនបានប្រាប់ឲ្យដឹងថា “ដោយសារទីតាំងជិតបំផុតរបស់យើង យើងកំពុងពិនិត្យមើល ថាតើប្រទេសជប៉ុន មានផែនការបញ្ចេញឱ្យសមស្របឬអត់ ពីទស្សនៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងឧបករណ៍ប្រើប្រាស់របស់ជប៉ុនដែលទទួលខុសត្រូវចំពោះរោងចក្រ ។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ទឹកមានសុវត្ថិភាពបន្ទាប់ពីត្រូវបានត្រួតពិនិត្យ និងធ្វើការចម្រោះ ទោះបីជាវានៅសេសសល់នូវសារធាតុ tritium ក៏ដោយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា