ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឱ្យ​កងកម្លាំង​ខាងក្រៅ ​ឈប់​រារាំង​កិច្ចប្រឹងប្រែង ​ផ្សះផ្សា​ នៅ​មជ្ឈិមបូព៌ា

ប៉េកាំង៖ បេសកជនចិន បានជំរុញឱ្យប្រទេសខាងក្រៅបញ្ឈប់ ការរាំងស្ទះ កិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សា ក្នុងចំណោមប្រជាជាតិនានា នៅមជ្ឈិមបូព៌ា ហើយខិតខំបង្កើតលក្ខខណ្ឌ អំណោយផល សម្រាប់ដំណោះស្រាយ នយោបាយ នៃវិបត្តិស៊ីរី។

បណ្តាប្រទេសនៅក្រៅមជ្ឈិមបូព៌ា គួរតែគោរពយ៉ាងពេញទំហឹងនូវឆន្ទៈ របស់ប្រទេសក្នុងតំបន់ និងប្រជាជនរបស់ពួកគេ នេះបើតាមលោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់សន្និសីទក្រុមប្រឹក្សាសន្តិសុខ ស្តីពីស៊ីរី។

លោក Geng បានលើកឡើងថា ការចូលប្រទេសស៊ីរីជាថ្មីទៅក្នុងសម្ព័ន្ធអារ៉ាប់ នាពេលថ្មីៗនេះមិនត្រឹមតែផ្តល់កម្លាំងរុញច្រានថ្មី សម្រាប់ប្រទេសអារ៉ាប់ដើម្បីទទួលបានភាពរឹងមាំតាមរយៈសាមគ្គីភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសថ្មីសម្រាប់ការដោះស្រាយនយោបាយនៃបញ្ហាស៊ីរីផងដែរ។

លោកបានបន្ដថា ប្រទេសចិន សង្ឃឹមថាភាគីទាំងអស់អាចចាប់យកឱកាសដើម្បីពង្រឹងការសន្ទនា និងធ្វើការយ៉ាងសកម្មជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី Geir Pedersen ដើម្បីជំរុញដំណើរការនយោបាយរបស់ប្រទេសស៊ីរី។

បេសកជនរូបនេះបានបន្ដថា “ប្រទេសចិនបាននិងកំពុងគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវសាមគ្គីភាព និងការធ្វើឱ្យរស់ឡើងវិញនៃបណ្តាប្រទេសអារ៉ាប់ គាំទ្រយ៉ាងសកម្មនូវការវិលត្រឡប់របស់ស៊ីរីទៅកាន់សម្ព័ន្ធអារ៉ាប់ និងការចូលរួមភាគីពាក់ព័ន្ធតាមរយៈបណ្តាញរបស់ខ្លួន” ។

លោក Geng បាននិយាយថា ប្រទេសចិនស្វាគមន៍ការបន្តជាថ្មីរបស់រដ្ឋាភិបាលស៊ីរីសម្រាប់ច្រកព្រំដែន Bab Al-Salam និង Al-Ra’ee ហើយអំពាវនាវឱ្យភាគីដែលគ្រប់គ្រងភាគពាយព្យស៊ីរីបញ្ឈប់ការរារាំងប្រតិបត្តិការជំនួយឆ្លងបន្ទាត់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top