ព័ត៌មានអន្តរជាតិ

លោក ពូទីន បញ្ជាក់ធ្ងន់ៗថា ការវាយប្រហារដោយ យន្ដហោះដ្រូនលើទីក្រុងម៉ូស្គូ ជាសញ្ញាច្បាស់នៃ សកម្មភាពភេរវកម្ម

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូន ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទីនេះ គឺជា “សញ្ញាច្បាស់លាស់នៃសកម្មភាពភេរវកដ្រូន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន បានលើកឡើងថា ក្រុងគៀវ បានជ្រើសរើសផ្លូវផ្សេង ពោលគឺព្យាយាមបំភិតបំភ័យរុស្ស៊ី និងពលរដ្ឋរបស់ខ្លួន និងវាយប្រហារអគារលំនៅដ្ឋានក្នុងស្រុក។

លោក​បាន​ថ្លែង​ថា “ពួកគេ​ញុះញង់​ឲ្យ​យើង​ឆ្លុះ​បញ្ចាំង​សកម្មភាព​។​ តោះ​មើល​ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ចំពោះ​រឿងនេះ” ប៉ុន្ដែភាគី​អ៊ុយក្រែន​បាន​បដិសេធ​ ការ​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ការ​វាយ​ប្រហារ​លើ​ក្រុង​ម៉ូស្គូ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងនៅមុននេះបន្តិចថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងមានប្រតិកម្ម “យ៉ាងខ្លាំងក្លាតាមដែលអាចធ្វើទៅបាន ចំពោះការវាយប្រហារភេរវកម្ម របស់ពួកសកម្មប្រយុទ្ធអ៊ុយក្រែន”។

អភិបាលក្រុងមូស្គូលោក Sergei Sobyanin បានលើកឡើងថា អគារជាច្រើននៅទីក្រុងមូស្គូ បានរងការខូចខាតបន្តិចបន្តួច ដោយការវាយប្រហារដោយយន្តហោះដ្រូន នៅពេលព្រឹកព្រលឹម ដោយបន្ថែមថាមិនមាន របាយការណ៍ភ្លាមៗអំពីរបួសធ្ងន់ធ្ងរនោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top