ព័ត៌មានអន្តរជាតិ

ហ្វីលីពីន អាមេរិក និងជប៉ុន នឹងធ្វើសមយុទ្ធជើងទឹកលើកដំបូង នៅក្នុងសមុទ្រចិនខាងត្បូង

បរទេស៖ ឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសហ្វីលីពីន គ្រោងនឹងចាប់ផ្តើមសមយុទ្ធដែនសមុទ្រនៅសមុទ្រចិនខាងត្បូង នៅក្នុងសមយុទ្ធលើកដំបូងរវាងប្រទេសទាំងបី នៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសកម្មភាពរបស់ចិននៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធនៅក្នុងដែនទឹកនៃខេត្ត បាតាន ក្នុងប្រទេសហ្វីលីពីននឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ និងមានរយៈពេលរហូតដល់ថ្ងៃទី ៧ ខែមិថុនា។

សមយុទ្ធនេះកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោនបង្កើនការទូតយោធានៅក្នុងតំបន់ ដោយរៀបចំល្បែងសង្រ្គាមញឹកញាប់ជាងមុនជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅក្នុងសមុទ្រចិនខាងត្បូង ដែនទឹកជុំវិញកោះតៃវ៉ាន់ ក៏ដូចជាប៉ាស៊ីហ្វិកខាងលិច។ ចំណែកប្រទេសចិនក៏បានបង្កើនសមយុទ្ធនៅក្នុងផ្លូវទឹកជាយុទ្ធសាស្ត្រផងដែរ។

ចិនបានធ្វើសមយុទ្ធយោធាជាមួយប្រទេសឡាវ សិង្ហបុរី និងកម្ពុជានៅឆ្នាំនេះ ហើយគ្រោងនឹងបញ្ជូននាវាចម្បាំងទៅធ្វើសមយុទ្ធកងទ័ពជើងទឹកពហុភាគីដែលធ្វើជាម្ចាស់ផ្ទះដោយឥណ្ឌូនេស៊ីក្នុងខែនេះថែមទៀត។

លោក អាមែន បាលីឡូ អ្នកនាំពាក្យរបស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីលកាលពីថ្ងៃចន្ទថា សមយុទ្ធត្រីភាគីគឺជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងជប៉ុន ខណៈដែលអូស្ត្រាលីនឹងចូលរួមជាអ្នកសង្កេតការណ៍។

លោកបាននិយាយថា នាវាហ្វីលីពីនចំនួន៤គ្រឿង និងមួយគ្រឿងមកពីសហរដ្ឋអាមេរិក និងមួយគ្រឿងមកពីជប៉ុននឹងចូលរួមនៅក្នុងសមយុទ្ធដែលត្រូវបានរចនាឡើងដើម្បីកែលម្អកិច្ចសហប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការអនុវត្តច្បាប់។

ប្រទេសហ្វីលីពីន ត្រូវបានជប៉ុន និងអាមេរិក ស្នើឱ្យធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា នៅក្នុងខែកុម្ភៈ ដែលជាខែដដែល នៅពេលដែលទីក្រុងម៉ានីល បានចោទប្រកាន់ប្រទេសចិន ពីសកម្មភាពឈ្លានពាន នៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំង ទាមទារស្ទើរតែទាំងស្រុង៕

ប្រែសម្រួលៈ ណៃ តុលា

To Top