បរទេស ៖ កូរ៉េខាងត្បូង បានទទួលជោគជ័យ ក្នុងការសាកល្បង ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ដែលផលិត ក្នុងស្រុកដ៏សំខាន់មួយ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍កាលពីដើមសប្តាហ៍នេះ ដែលជាជោគជ័យទីបី ក្នុងចំណោមការសាកល្បង ចំនួនបួនរហូតមកដល់ពេលនេះ ខណៈដែលកូរ៉េខាងត្បូង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកការគំរាមកំហែង របស់កូរ៉េខាងជើង ដែលកំពុងវិវត្ត។

យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ទីភ្នាក់ងាររដ្ឋសម្រាប់ការអភិវឌ្ឍន៍ការពារជាតិ (ADD) បានបង្ហាញ ដល់អង្គភាពសារព័ត៌មាន អំពីដំណើរការទាំងមូល នៃការធ្វើតេស្តស្ទាក់ចាប់លើមីស៊ីល រយៈចម្ងាយឆ្ងាយ Surface-to-Air Missile (L-SAM) នៅឯកន្លែងសាកល្បង Anheung របស់ខ្លួនក្នុងទីក្រុង តាអៀន ដែលមានចម្ងាយ ១០៩ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល ជាលើកដំបូង ។
L-SAM គឺជារចនាសម្ព័ន្ធបីដំណាក់កាល រួមទាំង ដំណាក់កាលចុងក្រោយ “Kill Vehicle” ដែលរចនាឡើងដើម្បីបាញ់ទម្លាក់មីស៊ីលផ្លោង ដែលហោះចូលមកក្នុងរយៈកម្ពស់ពី ៥០-៦០ គីឡូម៉ែត្រ វាគឺជាធាតុសំខាន់នៃខែលប្រឆាំងមីស៊ីលដែលមានស្រទាប់ទាបរបស់ប្រទេស ដែលហៅថា Korea Air and Missile Defense (KAMD) ។
នៅលើអេក្រង់ធំនៅកន្លែងសាកល្បង, យាន Kill ត្រូវបានគេមើលឃើញថាបានបាញ់ចំគោលដៅយ៉ាងត្រឹមត្រូវបន្ទាប់ពីការបំបែកចេញពីដំណាក់កាលទី១ និងទី២ ដោយជោគជ័យ ដែលជាទស្សនីយភាព ដែលបានមើលដោយមន្ត្រីរដ្ឋាភិបាល និងបុគ្គលិកស្រាវជ្រាវ រួមទាំងរដ្ឋមន្ត្រីការពារជាតិ Lee Jong-sup ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
