ព័ត៌មានអន្តរជាតិ

លោក បៃដិន ខ្ទាស់ជើងដួល ក្រោយចុះពីលើវេទិកា នៅឯបណ្ឌិតសភា កងទ័ពអាកាស


COLORADO SPRINGS៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានខ្ទាស់ជើងដួលជាលើកដំបូងបន្ទាប់ពីបានឡើងនៅលើឆាកវេទិកា នៅឯបណ្ឌិតសភាកងទ័ពអាកាសក្នុងរដ្ឋ Colorado ប៉ុន្តែគាត់ហាក់ដូចជាមិនមានការឈឺចាប់អ្វីឡើយ ។

លោក បៃដិន វ័យ៨០ឆ្នាំ ដែលបានថ្លែងសុន្ទរកថាចាប់ផ្តើមដល់និស្សិតបញ្ចប់ការសិក្សា នៅសាលាយោធានោះ ទើបតែចាប់ដៃជាមួយកម្មាភិបាលម្នាក់ ហើយបានចាប់ផ្តើមដើរត្រឡប់ទៅកន្លែងអង្គុយរបស់គាត់វិញនៅគ្រានោះដែលគាត់បានដួល ។

បុគ្គលិករបស់កងទ័ពអាកាសបានជួយគាត់ ហើយគាត់ហាក់បីដូចជាមិនទាមទារជំនួយបន្ថែមទេ ។

នៅពេលគាត់ក្រោកឡើង លោក បៃដិន បានចង្អុលទៅវត្ថុដែលទំនងជាបានទាក់ជើងរបស់គាត់ ។

គេឃើញមានថង់ខ្សាច់ខ្មៅតូចចំនួន២ស្ថិតនៅលើឆាកដែលគាំទ្រឧបករណ៍បំពងសំឡេងដែលប្រើដោយលោក បៃដិន និងវាគ្មិនដទៃទៀត ។

នាយកផ្នែកទំនាក់ទំនងរបស់សេតវិមាន លោក Ben LaBolt បានសរសេរនៅលើបណ្តាញសង្គម Twitter ភ្លាមៗថា “គាត់មិនអីទេ ។ មានថង់ខ្សាច់នៅលើឆាក ខណៈពេលដែលគាត់កំពុងចាប់ដៃ” ។

គួរបញ្ជាក់ថា លោក បៃដិន គឺជាមនុស្សចាស់ជាងគេដែលមិនធ្លាប់មាននៅក្នុងតំណែងប្រធានាធិបតី ហើយកំពុងស្វែងរកអាណត្តិទី២នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top