ព័ត៌មានអន្តរជាតិ

អាហ្រ្វិកខាងត្បូង កំពុងពិចារណាកែច្បាប់ ពាក់ព័ន្ធនឹងដីការចាប់ខ្លួនលោក ពូទីន របស់តុលាការ ICC

បរទេស៖ ប្រទេសអាហ្រ្វិកខាងត្បូងកំពុងរៀបចំ ផែនការផ្លាស់ប្តូរច្បាប់ដើម្បីធ្វើឱ្យច្បាប់ជាតិ របស់ខ្លួនមានអំណាចលើសពី តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នេះបើយោងតាមអនុរដ្ឋមន្ត្រីមួយ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីតុលាការ ICC បានចេញដីកាចាប់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Obed Bapela អនុរដ្ឋមន្ត្រីនៅអាហ្រ្វិកខាងត្បូង បានប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃពុធថា “នៅក្នុងខែមិថុនា យើងនឹងដាក់ច្បាប់ទៅសភា” ។ លោក Bapela បានបន្តថា ច្បាប់នេះនឹងអនុញ្ញាតឱ្យអាហ្រ្វិកខាងត្បូង “ផ្តល់ការលើកលែងដោយខ្លួនឯងថា អ្នកណាត្រូវចាប់ខ្លួន និងអ្នកណាមិនចាប់ខ្លួន” ។

កាលពីពាក់កណ្តាលខែមីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោកស្រី ម៉ារៀ ឡូវ៉ា-បេឡូវ៉ា មន្ត្រីជាន់ខ្ពស់បន្ទុកសិទ្ធិកុមារ។ តុលាការបានចោទប្រកាន់អ្នកទាំងពីរពីបទ “ការបញ្ជូនប្រជាជនដោយបង្ខំ” ដោយសំដៅលើកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងម៉ូស្គូ ក្នុងការជម្លៀសកុមារចេញពីតំបន់ប្រយុទ្ធ ចំពេលមានអរិភាពជាមួយអ៊ុយក្រែន។

រុស្ស៊ីបានឆ្លើយតបដោយនិយាយថា ICC មិនមានសិទ្ធិអំណាច ឬស្របច្បាប់ទេ ព្រោះទីក្រុងម៉ូស្គូ មិនដែលផ្តល់ការអនុម័តលើលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ ១៩៩៨ ដែលបង្កើតតុលាការឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top