ព័ត៌មានអន្តរជាតិ

ការបិទធនាគារថ្មីៗនេះ ជាបន្ដបន្ទាប់នៅអាមេរិក បន្សល់ទុកនូវភាពទន់ខ្សោយ របស់ធនាគារក្នុងតំបន់

ឡូសអេមជឺឡេស៖ លោក Dunson Cheng ប្រធានប្រតិបត្តិនៃធនាគារ Cathay Bank បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតស៊ិនហួ ថា រលកនៃការបិទធនាគាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះបានបន្សល់ទុកនូវភាពទន់ខ្សោយរបស់ធនាគារក្នុងតំបន់មួយចំនួនទៀត។

ការដួលរលំភ្លាមៗនៃធនាគារ Silicon Valley Bank, Signature Bank និង First Republic Bank នៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះបានធ្វើឱ្យមានការបារម្ភថ្មីៗកានលតែខ្លាំង អំពីសុវត្ថិភាពនៃប្រព័ន្ធធនាគារ។

ភាគហ៊ុនរបស់ធនាគារ ក្នុងតំបន់របស់សហរដ្ឋអាមេរិក បានបន្តធ្លាក់ចុះក្នុងខែឧសភាដោយមាន PacWest នាំមុខគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា “ខ្ញុំជឿថាវិបត្តិនេះបានចោទជាសំណួរថាតើធនាគារមួយចំនួន ដែលមានដើមទុនតិច និងប្រាក់ចំណេញតិចនឹងចង់បន្តអាជីវកម្ម។ ធនាគារទាំងនេះជាច្រើនអាចសម្រេចចិត្តរួមបញ្ចូលគ្នា ឬលក់ទៅឱ្យធនាគារដែលខ្លាំងជាង ដូច្នេះចំនួនធនាគារនៅក្នុងអាមេរិក និងរដ្ឋមួយចំនួនទៀតនឹងបន្តធ្លាក់ចុះ។

លោក Cheng បានបន្ដថា មានធនាគារប្រហែល ១៥០០០ធនាគារ នៅក្នុងប្រទេសនេះ នៅពេលដែលលោកចាប់ផ្តើមអាជីពធនាគារ របស់លោកនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ហើយឥឡូវ​នេះ​ចំនួន​បាន​ធ្លាក់​ចុះ ​មក​នៅ​ត្រឹម​ប្រហែល ៤៣០០ធនាគារប៉ុណ្ណោះ។

នៅក្នុងនោះដែរ និយតករធនាគាររបស់សហរដ្ឋអាមេរិក បានចាត់វិធានការ ដើម្បីដោះស្រាយការដួលរលំនៃធនាគារក្នុងតំបន់ដោយផ្តោត លើអ្នកដាក់ប្រាក់បញ្ញើ។

លោក Cheng បានកត់សម្គាល់ថា មានហានិភ័យជាច្រើនដែលប្រឈមមុខនឹងធនាគារក្នុងតំបន់ រួមទាំងការរង្គោះរង្គើនៃទំនុកចិត្តរបស់អតិថិជននៅក្នុងធនាគារក្នុងតំបន់។  ការព្រួយបារម្ភអំពីថាតើការធ្លាក់ចុះនាពេលបច្ចុប្បន្ន នៅក្នុងសេដ្ឋកិច្ចអាមេរិកនឹងវិវត្តទៅជាវិបត្តិសេដ្ឋកិច្ចពេញលេញឬយ៉ាងណា និងផលប៉ះពាល់យ៉ាងសំខាន់នៃការជឿនលឿន នៃបច្ចេកវិជ្ជាយ៉ាងលឿនលើវិស័យធនាគារ។

 អតិថិជនចាប់ផ្តើមសួរថាតើលុយ របស់ពួកគេមានសុវត្ថិភាពនៅធនាគាររបស់ពួកគេដែរឬទេ។  លោកបានពន្យល់ថា ដូច្នេះវានឹងត្រូវការពេលវេលាសម្រាប់ធនាគារ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជនឡើងវិញ។

 បន្ទាប់ពីការបិទធនាគារនាពេលថ្មីៗនេះ និយតកររបស់សហរដ្ឋអាមេរិក កំពុងធ្វើការ ដើម្បីការពារផលប្រយោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ និងធានាថាតម្រូវការរបស់ពួកគេត្រូវបានបំពេញ បើទោះបីជាធនាគាររបស់ពួកគេ បិទទ្វារក៏ដោយ៕

To Top