ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បើកការវាយប្រហារ តាមផ្លូវអាកាស ទៅលើក្រុង Dnipro បណ្តាលឲ្យរងរបួស ២០នាក់

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ថា បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ី ទៅលើក្រុង Dnipro ដែលស្ថិតនៅភាគកណ្តាល នៃប្រទេសអ៊ុយក្រែន បានបណ្តាលឲ្យ មនុស្សចំនួន២០នាក់ រងរបួស និងធ្វើឲ្យមានការភ័យខ្លាចថា មានអ្នកផ្សេងទៀតត្រូវជាប់ នៅក្នុងគំនរបាក់បែក ដែលរងការបំផ្លាញ ។

ខ្សែវីដេអូដែលបានចែករំលែកដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលបានបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអដ្ឋិធាតុរបស់អ្នកស្លាប់នៅឯអគារ២ជាន់ ។

មន្ត្រីម្នាក់ទៀតបានឲ្យដឹងថា ជនរងគ្រោះ៥នាក់គឺជាកុមារ ហើយបុរសម្នាក់ត្រូវបានគេទាញចេញពីគំនរបាក់បែកនៃអគារ ។

កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ចំពោះការផ្ទុះឡើងក៏ត្រូវបានគេរាយការណ៍មកថា បានកើតឡើងនៅតំបន់ផ្សេងទៀតនៃអ៊ុយក្រែន ហើយរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយអំពីព្រឹត្តិការណ៍ចុងក្រោយនេះនៅឡើយទេ ។

លោក Zelensky បានរៀបរាប់អំពីការបំផ្ទុះនៅក្រុង Dnipro ថា ជាការវាយប្រហារដោយចេតនារបស់រុស្ស៊ី ទោះបីជារុស្ស៊ីធ្លាប់បានបដិសេធមិនកំណត់គោលដៅមកលើជនស៊ីវិលនៅក្នុងអំឡុងពេលនៃការចូលឈ្លានពានប្រទេសជិតខាងរបស់ខ្លួនពីមុនក៏ដោយ ។

លោក Serhiy Lysak អភិបាលតំបន់បានលើកឡើងថា អគ្គិភ័យបានកើតឡើងបន្ទាប់ពីមានការវាយប្រហារនៅក្នុងសង្កាត់មួយនៅភាគខាងជើងនៃទីក្រុងខាងលើនេះ ។

លោក Serhiy Lysak បានបញ្ជាក់បន្ថែមថា កុមារចំនួន៥នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ ដោយស្ថានភាពក្មេងប្រុស៣ នាក់ ត្រូវបានគេវាយតម្លៃថា ពួកគេមានសភាពធ្ងន់ធ្ងរណាស់ ។

លោកបានឲ្យដឹងទៀតថា មនុស្ស១៧នាក់នៅក្នុងចំណោម២០នាក់ដែលរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top