ព័ត៌មានអន្តរជាតិ

Update: មូលហេតុបណ្ដាល ឲ្យកើតមានគ្រោះ​ថ្នាក់​រថភ្លើង បុកគ្នាដ៏សាហាវនៅ​ឥណ្ឌា ដែលបានសម្លាប់មនុស្សជិត ៣០០នាក់

ញូវដេលី៖ រដ្ឋមន្ត្រីផ្លូវដែកសហព័ន្ធឥណ្ឌាលោក Ashwini Vaishnaw  បានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏សាហាវបំផុតនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា គឺដោយសារតែការផ្លាស់ប្តូរ ម៉ាស៊ីនចង្អុលបង្ហាញ និងប្រព័ន្ធប្រទាក់អេឡិចត្រូនិច ឬហៅថា interlocking។

គ្រោះថ្នាក់​រថភ្លើងបុកគ្នានេះ បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ​២៨៨​នាក់ និង​របួស​ជាង​១.០០០​នាក់ ។ ប្រព័ន្ធអេឡិចត្រូនិច interlocking គឺជាវិធានការសុវត្ថិភាព ដែលត្រូវបានរចនាឡើង ដើម្បីការពារការប៉ះទង្គិចគ្នារវាងរថភ្លើងនៅលើផ្លូវដែក។

ឧបទ្ទវហេតុនេះបានកើតឡើងនៅល្ងាច ថ្ងៃសុក្រនៅជិតស្ថានីយ៍ Bahanaga Bazar ក្នុងស្រុក Balasore ប្រហែល ១៧១ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Bhubaneswar រដ្ឋធានី Odisha ប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Vaishnaw បានលើកឡើងថា បុគ្គលដែលទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុនេះត្រូវបានកំណត់អត្តសញ្ញាណហើយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវខ្សែផ្លូវរថភ្លើង កំពុងដំណើរការ៕

ប្រែសម្រួល ឈូក បូរ៉

To Top