បរទេស ៖ ក្រសួងការបរទេស នៃប្រទេសចិន បានចេញមកធ្វើការ ការពារចំពោះសកម្មភាព ដែលកងកម្លាំងនាវារបស់ខ្លួន បានរំកិលខ្លួនចូលទៅក្បែរ នាវាចម្បាំង របស់អាមេរិក និងកាណាដានៅនឹងច្រកសមុទ្រ កោះតៃវ៉ាន់ កន្លងមកថ្មីៗនេះថា។
យោងតាមការ ចេញផ្សាយរបស់ RT បានឲ្យដឹងថា នាវាចម្បាំងរបស់អាមេរិក និងកាណាដាកំពុងស្ថិតនៅ ក្នុងប្រតិបត្តិនៃសមយុទ្ធយោធាមួយ ជាមួយនឹងកោះតៃវ៉ាន់ ប៉ុន្តែក្រោយមកនាវាចម្បាំង របស់ចិនមួយគ្រឿង បានធ្វើដំណើរ ទៅដល់ក្បែរនោះក្នុង ចំងាយត្រឹមតែជាង១៣០ម៉ែត្រប៉ុណ្ណោះ។
ក្រសួងការបរទេសចិន បានថ្លែងថា វាគឺជាការឆ្លើយតបរបស់ខ្លួន ចំពោះអ្វីដែលពួកគេបានហៅថា ជាសេរីភាពនៃការធ្វើចរាចរតាមផ្លូវទឹក ដែលជាក់ស្តែងវា គឺជាសកម្មភាព ដែលបង្កជម្លោះនិងសំដៅរដ្ឋាភិបាល ទីក្រុងប៉េកាំងប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តី ប្រភពដដែល បានបញ្ជាក់ដែរថាហេតុការណ៍នេះ មិនបានឈានទៅដល់ការប៉ះទង្គិចគ្នាឡើយ ដោយសារតែនាវាចម្បាំងអាមេរិក បានបញ្ជូនសញ្ញាព្រមានជាច្រើនដងមុន ពេលដែលនាវាចម្បាំងចិន សម្រេចចិត្តចាកចេញដើម្បីជៀស វាងការប្រឈមមុខដាក់គ្នា៕
ប្រែសម្រួល៖ស៊ុនលី