ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ រុស្ស៊ី បើកកិច្ចសន្ទនា ជាមួយអាមេរិក លើការគ្រប់គ្រងអាវុធ

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នៅតែបើកចំហ ចំពោះការសន្ទនាជាមួយសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងអាវុធ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែទីក្រុងម៉ូស្គូ កំពុងរង់ចាំសំណើជាក់លាក់ពីទីក្រុងវ៉ាស៊ីនតោន។

ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Peskov បានហៅវាថា “សំខាន់ និងវិជ្ជមាន” សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ថាសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចចរចានុយក្លេអ៊ែរជាមួយរុស្ស៊ី ដោយគ្មានលក្ខខណ្ឌជាមុន។

លោកបានប្រាប់អ្នកយកព័ត៌មានថា “យើងសង្ឃឹមថា វានឹងត្រូវបានគាំទ្រដោយជំហានជាក់ស្តែងតាមរយៈបណ្តាញការទូត ហើយបន្ទាប់មកវានឹងអាចពិចារណាលើទម្រង់នៃការសន្ទនា ដែលបានស្នើឡើង” ។

លោកបានលើកឡើងថា “វាពិតជាលំបាកណាស់ក្នុងការពឹងផ្អែកលើសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មានលើបញ្ហាសំខាន់ និងរសើបបែបនេះ ជាពិសេសនៅពេលដែលយើង កំពុងជួបប្រទះនឹងការខ្វះខាតយ៉ាងខ្លាំងនៃការជឿទុកចិត្តគ្នាទៅវិញទៅមក នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង” ។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ រុស្ស៊ី បានផ្អាកជាផ្លូវការនូវការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ជាមួយសហរដ្ឋអាមេរិក ដែលជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ចុងក្រោយរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ។

ទីក្រុងមូស្គូ បានចង្អុលបង្ហាញពីសក្ដានុពលនៃការវាយប្រហាររួមគ្នារបស់អង្គការណាតូ ខណៈដែលចក្រភពអង់គ្លេស និងបារាំងក៏មានឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលបង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ីផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top