បរទេស៖ អាជ្ញាធរសហរដ្ឋអាមេរិកបានឲ្យដឹងថា លោក Robert Hanssen អតីតភ្នាក់ងារ FBI ដែលបានបម្រើចារកម្មឲ្យអតីតសហភាពសូវៀត ដែលការិយាល័យពិពណ៌នាថា ជាអ្នកបំផ្លាញបំផុតក្នុងប្រវត្តិសាស្ត្រ ត្រូវបានរកឃើញថា បានស្លាប់នៅក្នុងបន្ទប់ឃុំឃាំងរបស់លោក។
លោក Hanssen អាយុ ៧៩ឆ្នាំត្រូវបានកាត់ទោសក្នុងឆ្នាំ២០២២ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីបានសារភាពថា មានកំហុសក្នុងការធ្វើចារកម្ម សម្រាប់សហភាពសូវៀត និងក្រោយមកប្រទេសរុស្ស៊ី អស់រយៈពេលជាង ២០ឆ្នាំ។
ការិយាល័យពន្ធនាគារបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកពន្ធនាគារបានចាប់ផ្តើម វិធានការសង្គ្រោះជីវិត បន្ទាប់ពីបានរកឃើញថា លោក Hanssen បានសន្លប់កាលពីព្រឹកថ្ងៃច័ន្ទ ប៉ុន្ដែជួយមិនបាន ប្រភពមិនបានផ្តល់មូលហេតុនៃការស្លាប់នោះទេ។
លោក Hanssen ដែលកំពុងជាប់ទោសនៅរដ្ឋ Colorado បានចូលរួមជាមួយការិយាល័យ ស៊ើបអង្កេតសហព័ន្ធក្នុងឆ្នាំ១៩៧៦ ហើយបានចាប់ផ្តើមលក់ព័ត៌មាន ដែលបានចាត់ថ្នាក់ទៅសហភាពសូវៀតក្នុងឆ្នាំ១៩៨៥ នេះបើយោងតាមប្រភពពី FBI ។
ការិយាល័យនេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា នៅពេលចាប់ខ្លួននៅឆ្នាំ២០០១ លោកបានទទួលសំណងជាសាច់ប្រាក់ជាង ១,៤ លានដុល្លារ មូលនិធិធនាគារ និងពេជ្រ ជាថ្នូរនឹងការសម្របសម្រួល ប្រភពមនុស្សជាច្រើន បច្ចេកទេសស៊ើបការណ៍សម្ងាត់ និងឯកសារអាមេរិក ដែលបានចាត់ថ្នាក់។
FBI បានឲ្យដឹងថា “FBI បានទុកចិត្តលោកជាមួយនឹងអាថ៌កំបាំង ដ៏រសើបបំផុតមួយចំនួន របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយជំនួសឱ្យការរក្សាការទុកចិត្តនោះ លោកបានរំលោភបំពាន និងក្បត់វា” ដោយបន្ថែមថាលោក Hanssen បានប្រើ “បទពិសោធន៍ និងការបណ្តុះបណ្តាលរបស់លោក ជាភ្នាក់ងារប្រឆាំងការស៊ើបការណ៍” ដើម្បី មិនអាចរកឃើញអស់រយៈពេលជាច្រើនឆ្នាំ ៕
ប្រែសម្រួល ឈូក បូរ៉ា