ព័ត៌មានអន្តរជាតិ

មជ្ឈិមបូព៌ា ចាំបាច់ត្រូវប្រយ័ត្ន ចំពោះអាមេរិក ដែលតែងតែបង្កើតការបែកបាក់ និងភាពចលាចល

ប៉េកាំង៖ អ្នកជំនាញបានឲ្យដឹងថា ចំពេលមានសន្ទុះនៃទំនាក់ទំនង នៅក្នុងតំបន់មជ្ឈិមបូព៌ា និងបញ្ហាជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមជៀសវាង ការដួលរលំទាំងស្រុងនៃឥទ្ធិពល របស់ខ្លួននៅក្នុងតំបន់នេះ ខណៈដែលរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken គ្រោងនឹងចាប់ផ្តើមដំណើរ​ទស្សនកិច្ច​ នៅអារ៉ាប៊ីសាអូឌីត​រយៈពេល​៣ថ្ងៃ ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ និង​សេដ្ឋកិច្ច។

ដំណើររបស់លោក Blinken ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា កើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ច របស់ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន Jake Sullivan ក្នុងខែឧសភា។ អ្នកជំនាញបានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ចាំបាច់ត្រូវប្រុងប្រយ័ត្ន ចំពោះសហរដ្ឋអាមេរិក ដែលបង្កើតភាពចលាចល និងការបែងចែកកាន់តែច្រើននៅក្នុងតំបន់។

យោងតាមក្រសួងការបរទេសអាមេរិក លោក Blinken នឹងជួបជាមួយមន្ត្រីអារ៉ាប៊ីសាអូឌីត ដើម្បី “ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត លើបញ្ហាតំបន់ និងពិភពលោក និងបញ្ហាទ្វេភាគីជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ”។

អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ក៏នឹងចូលរួមកិច្ចពិភាក្សាក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ ហើយគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ សម្រាប់សម្ព័ន្ធសកលប្រឆាំងនឹងក្រុម ISIS ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា មុនពេលដំណើរទស្សនកិច្ចរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan បានជួបជាមួយសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian នៅអាហ្វ្រិកខាងត្បូង ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS នៅថ្ងៃទី០២ ខែមិថុនា។

កាល​ពី​ខែ​មេសា អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​បាន​ស្តារ​ទំនាក់ទំនង​ការទូត ជា​ផ្លូវការ​ឡើង​វិញ​បន្ទាប់​ពី​មាន​ការ​ប្រេះឆា​រយៈពេល ៧ ឆ្នាំ។ កាលពីខែឧសភា រដ្ឋមន្ត្រីការបរទេសមកពីប្រទេស ជាសមាជិកសម្ព័ន្ធអារ៉ាប់ បានព្រមព្រៀងគ្នាក្នុងការដាក់ សមាជិកភាពរបស់ស៊ីរីឡើងវិញបន្ទាប់ពី ការព្យួររបស់ខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍។

ជាមួយនឹងដំណើរការទំនាក់ទំនង ក្នុងតំបន់មជ្ឈិមបូព៌ាកំពុងពន្លឿន អ្នកសង្កេតការណ៍មិនមានសុទិដ្ឋិនិយម ចំពោះដំណើរទស្សនកិច្ចរបស់ Blinken នោះទេ។

លោក Liu Zhongmin សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាមជ្ឈិមបូព៌ា នៃសាកលវិទ្យាល័យសិក្សាអន្តរជាតិសៀងហៃបានប្រាប់ Global Times ថាដំណើរទស្សនកិច្ចរបស់លោក Blinken ឆ្លុះបញ្ចាំងពីបញ្ហាបច្ចុប្បន្ន ដែលទីក្រុងវ៉ាស៊ីនតោន កំពុងប្រឈមមុខនៅក្នុងគោលនយោបាយ មជ្ឈិមបូព៌ារបស់ខ្លួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top