ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការ បរទេសចិន លោក Wang Wenbin បានឲ្យដឹងថា មន្ត្រីនៃប្រទេសចិន និងសហរដ្ឋអាមេរិក មានការប្រាស្រ័យទាក់ទងគ្នា ប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយផលិតភាព លើការធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងទ្វេភាគី។
លោក បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលសួររកព័ត៌មានលម្អិតអំពីកិច្ចប្រជុំរវាងអនុរដ្ឋមន្ត្រីការបរទេសចិន Ma Zhaoxu និងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel J. Kritenbrink កាលពីថ្ងៃចន្ទ។
លោកបានលើកឡើងថា Daniel J. Kritenbrink និងលោកស្រី Sarah Beran នាយកជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខជាតិនៃ សេតវិមាន សម្រាប់កិច្ចការ ប្រទេសចិន បានទៅទស្សនកិច្ចប្រទេសចិន កាលពីថ្ងៃចន្ទ ហើយលោក Ma Zhaoxu បានជួបជាមួយពួកគេ ។ អគ្គនាយក នៃនាយកដ្ឋានកិច្ចការអាមេរិកខាងជើង និងមហាសមុទ្រនៃក្រសួងការបរទេសចិន លោក Yang Tao បានជួបពិភាក្សាជាមួយពួកគេ។
អ្នកនាំពាក្យបានឲ្យដឹងថា ភាគីទាំងពីរមានការប្រាស្រ័យ ទាក់ទងគ្នាប្រកបដោយភាពស្មោះត្រង់ ស្ថាបនា និងប្រកបដោយផលិតភាព លើការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគី និងការគ្រប់គ្រងភាពខុសគ្នាសមស្រប ស្របតាមការយោគយល់គ្នា រវាងប្រធានាធិបតីទាំងពីរ ដែលបានឈានដល់កោះបាលី កាលពីខែវិច្ឆិកាកន្លងទៅ ។
លោកបានបន្ដថា ប្រទេសចិន បានបញ្ជាក់ពីជំហរដ៏ម៉ឺងម៉ាត់ របស់ខ្លួន ចំពោះតៃវ៉ាន់ និងបញ្ហាសំខាន់ៗ ផ្សេងទៀតនៃគោលការណ៍ ដោយបន្ថែមថាភាគីទាំងពីរ បានយល់ព្រមរក្សាទំនាក់ទំនង ៕
ប្រែសម្រួល ឈូក បូរ៉ា