ព័ត៌មានអន្តរជាតិ

រុស្ស៊ី ​ចោទ​អ៊ុយក្រែន​ថា ​បាន​បំផ្ទុះ​បំពង់​បង្ហូរ​អាម៉ូញាក់​ សំខាន់ៗ មុនការបំផ្លាញទំនប់ Kakhovka

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា “ក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍របស់អ៊ុយក្រែន” បានបំផ្ទុះបំពង់បង្ហូរអាម៉ូញាក់ Togliatti-Odessa នៅក្នុងតំបន់ Kharkov កាលពីយប់ថ្ងៃចន្ទ។

ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍មួយបានហៅការផ្ទុះបំពង់បង្ហូរអាម៉ូញាក់ថា “ជាអំពើភេរវកម្ម” ដែលបណ្តាលឱ្យជនរងគ្រោះជាជនស៊ីវិល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានបន្ថែមថា “បច្ចុប្បន្នអាម៉ូញាក់ កំពុងហូរចេញពីផ្នែក ដែលខូចនៃបំពង់បង្ហូរប្រេងនៅក្នុងទឹកដីអ៊ុយក្រែន ប៉ុន្ដែមិនមានអ្នករងរបួសក្នុងចំណោមបុគ្គលិកយោធារុស្ស៊ីនោះទេ” ។

ទីភ្នាក់ងារសារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអង្គារថា ការផ្ទុះជាច្រើនត្រូវបានគេឮនៅជិតបំពង់បង្ហូរអាម៉ូញាក់នៅក្នុងសង្កាត់ Kupyansk តំបន់ Kharkov ។

រោងចក្រនេះដំណើរការពីទីក្រុង Togliatti របស់រុស្ស៊ី ទៅកាន់កំពង់ផែ Odessa របស់អ៊ុយក្រែន គឺជាបំពង់បង្ហូរប្រេងដ៏វែងបំផុតមួយរបស់ពិភពលោក សម្រាប់ការដឹកជញ្ជូនអាម៉ូញាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top