ព័ត៌មានអន្តរជាតិ

ស្ថានការណ៍ នយោបាយថៃ ៖ ច្បាប់ឃុំខ្លួននៅក្នុងផ្ទះ មិនមែនសម្រាប់លោក ថាក់ស៊ីន ឡើយ

" "

បរទេស ៖ នាយកដ្ឋាន កែប្រែរបស់ថៃ បានបំភ្លឺថា បទប្បញ្ញត្តិថ្មី ដែលខ្លួនបានចេញ គឺគ្មានបំណងត្រួសត្រាយផ្លូវ ឱ្យអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលទោសនៅក្រៅពន្ធនាគារនោះទេ ប្រសិនបើលោកត្រឡប់ទៅប្រទេសថៃវិញ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីគឺលោក វិស្ណុ គ្រែង៉ែម អ្នកជំនាញច្បាប់ របស់រដ្ឋាភិបាល បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា បទប្បញ្ញត្តិនេះ មិនផ្តល់អំណាចដល់អគ្គនាយក នៃនាយកដ្ឋានកែប្រែក្នុងការផ្លាស់ទីទណ្ឌិត ចេញពីពន្ធនាគារទៅឃុំខ្លួននៅកន្លែងផ្សេង ដូចដែលពាក្យចចាមអារ៉ាមនោះទេ។

" "

លោកថាក់ស៊ីន ដែលបានរស់នៅនិរទេសខ្លួនឯង នៅក្នុងទីក្រុងឌូបៃ តាំងពីឆ្នាំ ២០០៨ បាននិយាយម្តងហើយម្តងទៀតថា លោកបានប្តេជ្ញាចិត្តវិល ត្រឡប់ទៅកាន់ប្រទេសថៃវិញ នៅខែក្រោយ ហើយចូលដំណើរការផ្លូវច្បាប់ ។ លោកត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារសរុបរយៈពេល ១២ ឆ្នាំក្នុងសំណុំរឿងពុករលួយចំនួន ៤ដោយនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូល សម្រាប់អ្នកកាន់មុខតំណែង នយោបាយ។

" "

បទប្បញ្ញត្តិថ្មីដែលបានចេញ ផ្សាយនៅក្នុងកាសែត Royal Gazette បង្ហាញពីនីតិវិធីសម្រាប់អ្នកទោសមួយចំនួនដែលបានជាប់ពន្ធនាគាររួចហើយ ហើយដល់ពេលវេលាជិត នឹងត្រូវបានដោះលែង។ លោក សិធិ ស៊ូវង្ស អគ្គនាយករង នៃនាយកដ្ឋានកែប្រែបាននិយាយថា វានឹងអនុញ្ញាតឱ្យពួក គេត្រូវឃុំខ្លួនបន្ថែមទៀត ប្រសិនបើតុលាការពិចារណាថា ពួកគេទំនងជាប្រព្រឹត្តបទឧក្រិដ្ឋម្តងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top