ព័ត៌មានអន្តរជាតិ

ចិន គ្រោងបង្កើតមូលដ្ឋានក្រុមចារកម្ម នៅក្នុងប្រទេសគុយបា

បរទេស៖កាសែត The Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសថាប្រទេសចិននិងប្រទេសគុយបាបានឈានទៅដល់ការព្រមព្រៀងគ្នាដ៏សំងាត់មួយក្នុងការបង្កើតការិយាល័យក្រុមការងារចារកម្មចិននៅលើប្រទេសដែនកោះមួយនេះ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតដែរថាមូលដ្ឋានក្រុមការងារចារកម្មនឹងអាចមានចំងាយប្រមាណជា១៦០គីឡូម៉ែត្រប៉ុណ្ណោះគិតពីរដ្ឋ Florida សហរដ្ឋអាមេរិកនៅពេលដែលដំណើរការរៀបចំរួចរាល់ហើយអាចអនុញ្ញាតិឲ្យទីភ្នាក់ងារស៊ើបការណ៍សំងាតចិនអាចប្រតិបត្តិការតាមដាននាវាអាមេរិកនិងចរាចរតាមផ្លូវទឹកមួយចំនួនធំរបស់អាមេរិកផងដែរ។

មន្ត្រីរដ្ឋាភិបាលដែលបានបញ្ជាក់ប្រាប់កាសែតអាមេរិកដដែលនេះបានបន្តដែរថាប្រទេសចិនក៏ទំនងជាអាចចំណាយលុយដល់ទៅ៧ពាន់លានដុល្លារផងដែរទៅឲ្យរដ្ឋាភិបាលប្រទេសគុយបាដើម្បីជាថ្នូរនឹងដោះដូរការងារគ្នាលើកនេះហើយភាគីទាំងពីរក៏បានឈានទៅដល់ការព្រមព្រៀងគ្នាដំណាក់កាលដំបូងរួចរាល់ទៅហើយ។

ទោះបីជាយ៉ាងណាក្តីប្រភពរបស់មន្ត្រីរដ្ឋាភិបាលគុយបាមិនបានបញ្ជាក់លំអិតទេថាតើទីតាំងការិយាល័យពិសេសនេះនឹងសាងសង់នៅទីកន្លែងណាក្នុងប្រទេសហើយចាប់ផ្តើមឡើងនៅពេលណានៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top