វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការចោទប្រកាន់ឧក្រិដ្ឋកម្មចំនួន៣៧ ករណីដែលជាប់ពាក់ព័ន្ធនឹងការចាត់ចែងឯកសារចាត់ថ្នាក់ដែលគាត់បានយកជាមួយគាត់នៅមុនពេលចាកចេញពីសេតវិមានក្នុងឆ្នាំ២០២១ ដែលនេះជាការចោទប្រកាន់ដែលមិនបានបិទបាំងអ្វីឡើយកាលពីថ្ងៃសុក្រកន្លងទៅនេះ ។
គួរបញ្ជាក់ថា នៅក្នុងចំណោមចំនួនសរុប៣១ករណី គឺជាការរក្សាទុកដោយចេតនានូវអាថ៌កំបាំង ដែលទាក់ទងនឹងសកម្មភាព និងសមត្ថភាពយោធារបស់សហរដ្ឋអាមេរិក ក៏ដូចជាបរទេសផងដេរ ដែលមិនបានបញ្ចេញឈ្មោះនោះឡើយ ។
ចំពោះការចោទប្រកាន់ដែលមាន៤៩ទំព័របានដាក់ថា ឯកសារទាំងនោះមានព័ត៌មានអំពីកម្មវិធីនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ភាពងាយរងគ្រោះដែលអាច កើតមានរបស់ប្រទេសនេះ និងសម្ព័ន្ធមិត្តរបស់ខ្លួន និងវិធានការសងសឹកដែលអាចធ្វើទៅបានប្រឆាំង នឹងការវាយប្រហារពីបរទេស ផងដែរ ។
ការចោទប្រកាន់នោះបានដាក់ថា “ជាការបង្ហាញដោយគ្មានការអនុញ្ញាត នៃឯកសារដែលបានចាត់ថ្នាក់ទាំងនេះអាចបង្កឱ្យមានហានិភ័យ” ទាក់ទិននឹងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ទំនាក់ទំនងជាមួយបរទេស សុវត្ថិភាពនៃយោធារបស់ប្រទេស និងលទ្ធភាពបន្តនៃវិធីសាស្រ្តប្រមូលព័ត៌មាន សម្ងាត់ដែលមានលក្ខណៈរសើបទៀតផង ។
ចំពោះការលាតត្រដាងដោយក្រសួងយុត្តិធម៌ គឺបានធ្វើឡើងនៅមួយថ្ងៃ ក្រោយពីលោក ត្រាំ ដែលចង់ឈ្នះអាណត្តិមួយទៀតនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ និងនៅតែជាអ្នកនាំមុខគេដដែល សម្រាប់ការតែងតាំងគណបក្សសាធារណរដ្ឋបានប្រកាសតាមរយៈវេទិកាសង្គម ហៅថា Truth Social របស់គាត់ថា គាត់ត្រូវបានចោទប្រកាន់ពិតមែន ។
សូមបញ្ជាក់ផងដែរថា ករណីនេះត្រូវបានគេកត់សម្គាល់ អំពីការចោទប្រកាន់ជាលើកដំបូងដែលមិន ធ្លាប់មានទាល់តែសោះសម្រាប់អតីត ប្រធានាធិបតីលើការចោទប្រកាន់សហព័ន្ធនៅ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋសហរដ្ឋអាមេរិក កាលពីមុនមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា