ព័ត៌មានអន្តរជាតិ

ប្រទេស​អារ៉ាប់ ​តែងតែ​ប្រកាន់​ជំហរ​ត្រឹម​ត្រូវ​របស់ចិន លើ​ស៊ីនជាំង ផ្ទុយពីលោកខាងលិច ដែលថា ចិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍

បរទេស៖ ប្រទេសចិនកំពុងប្រើប្រាស់ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយគណៈប្រតិភូសម្ព័ន្ធអារ៉ាប់ទៅកាន់ ស៊ីនជាំង ដើម្បីរំលេចនូវអ្វីដែលចិន និយាយថាជាការគាំទ្រគោលនយោបាយរបស់ខ្លួននៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ការសរសើរដែលទីក្រុងប៉េកាំងត្រូវបានគេរាយការណ៍ថាបានទទួលពីអ្នកការទូត និងមន្ត្រីដែលបានចូលរួមក្នុងដំណើរនេះ គឺគ្មានអ្វីក្រៅពី “ការឃោសនារបស់ចិន” និងការប៉ុនប៉ងដើម្បីលាងជម្រះការរំលោភសិទ្ធិមនុស្សនៅទីនោះ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រព្រឹត្តរបស់ចិនលើជនជាតិ អ៊ុយហ្គ័រ (Uyghur) និងជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅក្នុងតំបន់ ស៊ីនជាំង គឺជាប្រភពដ៏សំខាន់នៃការព្រួយបារម្ភរបស់អន្តរជាតិ។ បណ្តាប្រទេសលោកខាងលិចបានលើកឡើងពីការចោទប្រកាន់លើការងារដោយបង្ខំ ការធ្វើទុក្ខបុកម្នេញខាងសាសនា និងរឿងរ៉ាវមួយចំនួនទៀត ដោយក្នុងនោះ គឺ សហរដ្ឋអាមេរិក បានចាត់ថ្នាក់អ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ ស៊ីនជាំង ថា ជាអំពើប្រល័យពូជសាសន៍ ជាការចោទប្រកាន់ដែលត្រូវក្រុងប៉េកាំង ទាត់ចោល ផងដែរ។

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងការកត់សម្គាល់របស់មន្ត្រីចិនអំពីដំណើរទស្សនកិច្ច របស់គណៈប្រតិភូអារ៉ាប់ បានបង្ហាញពីការធ្វើដំណើរនេះថា ជាការបដិសេធទាំងស្រុងនូវអ្វីដែលខ្លួនហៅថាការចោទប្រកាន់ របស់លោកខាងលិចថាជាអំពើប្រល័យពូជសាសន៍។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ក្នុងដំណើរទស្សនកិច្ចនៅតំបន់ ស៊ីនជាំង ចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា សមាជិកនៃគណៈប្រតិភូសម្ព័ន្ធអារ៉ាប់បានសម្តែងការពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិននៅតំបន់ ស៊ីនជាំង នេះ និងបានសរសើរការអភិវឌ្ឍន៍ និងស្ថិរភាពក្នុងតំបន់នេះទៀតផង។

លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីដើមសប្តាហ៍នេះថា “ក្នុងអំឡុងពេលធ្វើដំណើរ គណៈប្រតិភូ បានធ្វើដំណើរទៅកាន់ទីក្រុង Urumqi និង Kashgar ជាកន្លែងដែលពួកគេបានទស្សនាវិហារអ៊ីស្លាម វិទ្យាស្ថានអ៊ីស្លាម សហគ្រាសក្នុងស្រុក ទីប្រជុំជនចាស់ និងការតាំងពិព័រណ៍ស្តីពីការប្រឆាំងភេរវកម្ម និងការលុបបំបាត់ភាពជ្រុលនិយម, ការអធិស្ឋាននៅក្នុងវិហារអ៊ីស្លាមជាមួយអ្នកស្រុក និងទទួលបានបទពិសោធន៍ផ្ទាល់របស់ពួកគេ ។

លោកបន្តថា “បណ្តាប្រទេសអារ៉ាប់បានសរសើរការយកចិត្តទុកដាក់ដែលប្រជាជនម៉ូស្លីមក្នុងតំបន់ ស៊ីនជាំង និងប្រជាជននៃក្រុមជនជាតិភាគតិចផ្សេងទៀតបានទទួល និងបង្ហាញការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ពួកគេ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍របស់តំបន់ និងធានាស្ថិរភាពរបស់ខ្លួន។

យោង​តាម​លោក Wang ប្រទេស​អារ៉ាប់​តែងតែ​ប្រកាន់​ជំហរ​ត្រឹម​ត្រូវ​លើ​ស៊ីនជាំងនេះ៕

ប្រែសម្រួលៈ ណៃ តុលា 

To Top