ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលអាមេរិក គ្រោងបំពេញទស្សនកិច្ចនៅចិន នៅសប្ដាហ៍ក្រោយ ដើម្បីស្ដារទំនាក់ទំនង ដែលកំពុងយ៉ាប់យ៉ឺនខ្លាំង

វ៉ាស៊ីនតោន៖ គេហទំព័រព័ត៌មាននយោបាយអាមេរិក Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅដើមសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន។

ប្រសិនបើដំណើរឆ្ពោះទៅមុខ វានឹង ក្លាយជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសចិនរបស់មន្ត្រីថ្នាក់រដ្ឋមន្ត្រីមកពីទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ក្នុងឆ្នាំ២០២១។

ទោះបីជាមានភាពតានតឹងកើនឡើងជាច្រើនខែរវាងសហរដ្ឋអាមេរិក និងចិន ក៏ដោយ របាយការណ៍នេះបានកើតឡើង ចំពេលដែលរដ្ឋបាលលោក បៃដិន បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវទំនាក់ទំនងរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរ។

កាលពីដើមសប្តាហ៍នេះ លោក Daniel Kritenbrink ជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន Ma Zhaoxu នៅទីក្រុងប៉េកាំង ដោយទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាត់ទុកការពិភាក្សារបស់ពួកគេថា មានលក្ខណៈស្ថាបនា។

ដំបូងឡើយលោក Blinken មានគម្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅដើមខែកុម្ភៈ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី បន្ទាប់ពីជំនួបផ្ទាល់រវាង លោក បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងខែវិច្ឆិកា នៅប្រទេសឥណ្ឌូនេស៊ី។

ប៉ុន្តែការធ្វើដំណើរនេះត្រូវបានពន្យារពេលភ្លាមៗបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានរកឃើញអ្វីដែលខ្លួនពិពណ៌នាថា ជាបាឡុងចារកម្មរបស់ចិន ដែលកំពុងធ្វើដំណើរលើតំបន់រសើបនៃទ្វីបអាមេរិក ដែលជំរុញឱ្យមានភាពតានតឹងបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ទោះបីជាទំនាក់ទំនងទ្វេភាគីនៅតែមានភាពស្រពិចស្រពិលជុំវិញបញ្ហាបន្លាជាច្រើន ដូចជាកោះតៃវ៉ាន់ និងជម្លោះដែនដីនៅសមុទ្រចិនខាងកើត និងខាងត្បូង ក៏ដូចជាសិទ្ធិមនុស្សក៏ដោយ មានសញ្ញាថ្មីៗដែលបង្ហាញថា រដ្ឋបាលលោក បៃដិន កំពុងព្យាយាមកាន់តែខ្លាំងក្នុងការចូលរួមឡើងវិញជាមួយទីក្រុងប៉េកាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top