បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន១០គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ចំណុចកណ្តាលរបស់ច្រកសមុទ្រតៃវ៉ាន់។ ច្រកសមុទ្រនេះត្រូវបានគេមើលជាទូទៅថា ជាព្រំដែនមិនផ្លូវការរវាងកោះតៃវ៉ាន់ និងចិន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិកោះតៃវ៉ាន់ថា កប៉ាល់ចិនចំនួន៤គ្រឿង ក៏បានធ្វើការល្បាតប្រយុទ្ធកាលពីថ្ងៃអាទិត្យផងដែរ។
កោះតៃវ៉ាន់បានដាក់ពង្រាយយន្តហោះ និងកប៉ាល់របស់ខ្លួនជាការឆ្លើយតបនឹងទង្វើរបស់ចិន។ នេះជាលើកទីពីរក្នុងរយៈពេលតិចជាងមួយសប្តាហ៍ដែលចិន បានបង្កើនសកម្មភាពយោធាជុំវិញកោះតៃវ៉ាន់ ដោយកាលពីថ្ងៃព្រហស្បតិ៍ កោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះយោធាចិន ៣៧ គ្រឿងបានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់។
កោះតៃវ៉ាន់ ត្រូវបានគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ប៉ុន្តែចិន អះអាងថា កោះនេះជាទឹកដីរបស់ចិន៕ ប្រែសម្រួលៈ ណៃ តុលា