វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក បានជូនដំណឹងដល់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO ) អំពីផែនការរបស់ខ្លួនក្នុងការចូលរួមសាកសពឡើងវិញ បន្ទាប់ពីបានចាកចេញពីក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅក្នុងឆ្នាំ២០១៨ ។
ផែនការដែលអាចត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ កើតឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន មានបំណងចង់ទទួលបានភាពជាអ្នកដឹកនាំឡើងវិញ ក្នុងក្របខ័ណ្ឌពហុភាគី ដែលសហរដ្ឋអាមេរិក បានដកខ្លួនចេញក្រោមរបៀបវារៈ “America First” របស់លោក ដូណាល់ ត្រាំ ។
មន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក បានជូនដំណឹងដល់អគ្គនាយកអង្គការយូណេស្កូ លោក Audrey Azoulay អំពីផែនការរបស់ខ្លួន នៅក្នុងលិខិតមួយចុះកាលបរិច្ឆេទកាលពីថ្ងៃព្រហស្បតិ៍។ លោក Azoulay គ្រោងនឹងកោះប្រជុំតំណាងនៅថ្ងៃចន្ទនេះ ដើម្បីសង្ខេបព័ត៌មានសំខាន់ៗជាយុទ្ធសាស្ត្រ នេះបើយោងតាមមន្ត្រីអង្គការយូណេស្កូ។
សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ បានប្រកាសនៅឆ្នាំ២០១៧ ថាខ្លួនកំពុងដកខ្លួនចេញពីអង្គការយូណេស្កូ ដោយសារតែការចោទប្រកាន់របស់ស្ថាប័ននេះថា “លំអៀងប្រឆាំងនឹងអ៊ីស្រាអែល” ការចាកចេញរបស់ខ្លួនបានចូលជាធរមាននៅឆ្នាំបន្ទាប់។
លោក បៃដិន កំពុងស្វែងរកការចូលរួមក្នុងស្ថាប័នអង្គការសហប្រជាជាតិឡើងវិញ ចំពេលមានការព្រួយបារម្ភថា នៅពេលអវត្តមានរបស់សហរដ្ឋអាមេរិក ប្រទេសចិន អាចនាំមុខគេក្នុងការបង្កើតច្បាប់អន្តរជាតិ ស្តីពីការអប់រំ និងបញ្ញាសិប្បនិមិត្ត។
ក្នុងឆ្នាំ២០១១ សហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានកាត់បន្ថយការផ្តល់មូលនិធិរបស់ខ្លួន សម្រាប់អង្គការយូណេស្កូ ក្នុងការតវ៉ា ចំពោះការសម្រេចចិត្តរបស់អង្គការ ក្នុងការអនុម័តសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា