ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធការអះអាងដោយអាមេរិក ដែលចោទថាខ្លួនគឺជាអ្នកជួយរុស្ស៊ី កសាងរោងចក្រផលិតដ្រូនប្រយុទ្ធ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានចេញមក ធ្វើការបដិសេធនូវការចោទប្រកាន់របស់អាមេរិក ដែលថារដ្ឋាភិបាលទីក្រុងតេហរ៉ង់ គឺជាអ្នកជួយបញ្ជូនវត្ថុធាតុដើម និងការងារមួយចំនួនទៀតជួយដល់រុស្សី ក្នុងការកសាងរោងចក្រផលិត ដ្រូនប្រយុទ្ធនៅក្នុងប្រទេសរុស្សី។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani ក៏ជាការឆ្លើយតបទៅនឹងការអះអាង ដោយសេតវិមានអាមេរិកកន្លងមកដែរថា រដ្ឋាភិបាលតេហរ៉ង់បានផ្គត់ផ្គង់ យន្តហោះដ្រូនរាប់រយគ្រឿងរួចមកហើយ ទៅឲ្យប្រទេសរុស្សីដើម្បីប្រតិបត្តិការ ក្នុងប្រទេសអ៊ុយក្រែន។

លោក Kanaani បានបញ្ជាក់ទៀតថា ការចោទប្រកាន់របស់អាមេរិក គឺដោយសារតែនយោបាយប៉ុណ្ណោះ ហើយបន្ថែមទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្សីនិងអ៊ីរ៉ង់ លើវិស័យយោធានោះគឺមានភាពល្អប្រសើរ តាំងតែពីមុនជម្លោះនៅអ៊ុយក្រែនមកម្ល៉េះ ។

គួរឲ្យដឹងដែរថា អ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បានអះអាងថា គិតត្រឹមខែឧសភារុស្សីបានទទួល ការផ្គត់ផ្គង់យន្តហោះដ្រូនប្រយុទ្ធ ពីអ៊ីរ៉ង់រាប់រយគ្រឿងមកហើយ និងថែមទាំងបានជួយផ្គត់ផ្គង់វត្ថុធាតុ ដើមដើម្បីកសាងរោងចក្រផលិតយន្តហោះដ្រូន ដែលគ្រោងនឹងដំណើរការនៅឆ្នាំក្រោយទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top