បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត The Kyodo News កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត របស់អង្គការណាតូ នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលមានការចូលរួមពីសំណាក់ជប៉ុនផងនោះ គឺបានដំណើរការហើយក្នុងគោលបំណង ស្វែងរកសាមគ្គីភាពគ្នាក្នុងស្ថានភាព ជម្លោះនៅអ៊ុយក្រែន។
សមយុទ្ធយោធា ដែលមានឈ្មោះថា Air Defender 23 ដែលត្រូវបានគេចាត់ទុកថា ជាសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ របស់អង្គការណាតូនោះគឺ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៣ ខែមិថុនា ជាមួយនឹងវត្តមានចូលរួមដោយកងកម្លាំងយោធា សរុបជាង១០០០០នាក់ និងយន្តហោះចម្បាំង ២៥០គ្រឿង មកពីសមាជិកអង្គការណាតូ២៣ប្រទេស បូករួមទាំងស៊ុយអែតនិង ជប៉ុនមិនមែនជាសមាជិកផង។
គិតត្រឹមអាមេរិកប៉ុណ្ណោះ កងកម្លាំងទ័ពអាកាស និងទ័ពផ្លូវគោក របស់ខ្លួនដល់ទៅ២០០០នាក់ យន្តហោះ១០០គ្រឿងរួមមានទាំងយន្តហោះចម្បាំង ទំនើបបំផុត F-35 ផង ។
គួរឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះសមាជិកណាតូ ទាំង៣១និងរដ្ឋាភិបាលទីក្រុងតូក្យូ បានពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាយ៉ាងខ្លាំងក្លា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលកងកម្លាំងទ័ពជើងទឹក របស់ចិនក៏មានវត្តមានកាន់តែធំឡើងផងដែរ នៅទីនោះ៕
ប្រែសម្រួល៖ស៊ុនលី