រ៉ូម៖ ឥស្សរជនឈានមុខគេ នៅទូទាំងប្រទេសអ៊ីតាលី និងជុំវិញពិភពលោក បានគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi បន្ទាប់ពីលោកបានទទួលមរណភាព កាលពីថ្ងៃចន្ទ ក្នុងជន្មាយុ ៨៦ឆ្នាំ។
លោក Berlusconi បានទទួលមរណៈភាពដោយសារជំងឺមហារីកឈាមរ៉ាំរ៉ៃ នៅមន្ទីរពេទ្យ San Raffaele ក្នុងទីក្រុងមីឡាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រតិកម្មពីមេដឹកនាំជាតិ និងអន្តរជាតិ បានគូសបញ្ជាក់អំពីឥទ្ធិពលដ៏ធំ របស់លោក Berlusconi មកលើប្រទេសរបស់លោក ក្នុងអំឡុងពេលអាជីព នយោបាយរយៈពេល ៣ទសវត្សរ៍ និងពាក់កណ្តាលសតវត្សក្នុងនាមជាតួអង្គ សំខាន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី។
ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានលើកឡើងថា លោក Berlusconi បាន “បង្កើតសញ្ញាសំគាល់លើប្រវត្តិសាស្រ្ត នៃសាធារណរដ្ឋរបស់យើង និងជាតួឯកសម្រាប់នយោបាយអ៊ីតាលី និងស្ថាប័ននៃសាធារណរដ្ឋអស់រយៈពេលជាយូរមកហើយ” ។
លោក Mattarella បានបន្ដថា ការដឹកនាំរបស់លោក Berlusconi “បានរួមចំណែកក្នុងការបង្កើតភូមិសាស្ត្រនយោបាយថ្មីនៅក្នុងប្រទេសអ៊ីតាលី ដែលអនុញ្ញាតឱ្យលោក ធ្វើជានាយករដ្ឋមន្ត្រីចំនួន ៤លើក” ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានលើកឡើងថា លោក Berlusconi គឺជា “បុរសម្នាក់ដែលមិនដែលភ័យខ្លាច ក្នុងការការពារការផ្តន្ទាទោសរបស់លោក វាគឺជាភាពក្លាហាន ដែលបានធ្វើឱ្យលោក Berlusconi ក្លាយជាឥស្សរជនដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រអ៊ីតាលី” ។
គណបក្ស Forza Italia ជាគណបក្សនយោបាយ ដែលលោក Berlusconi បានបង្កើត គឺជាដៃគូវ័យក្មេងនៅក្នុងក្រុមចម្រុះ ដែលគាំទ្ររដ្ឋាភិបាលលោកស្រី Meloni ។
លោក Mario Draghi អតីតទេសាភិបាលធនាគារកណ្តាលអ៊ឺរ៉ុប និងជានាយករដ្ឋមន្ត្រីមុនរបស់អ៊ីតាលី មុនពេលលោកស្រី Meloni កាន់តំណែង ក៏បានសរសើរ “ស្មារតីច្នៃប្រឌិត និងគំនិតច្នៃប្រឌិតដ៏អស្ចារ្យ” របស់លោក Berlusconi ផងដែរ។
នៅទីក្រុងវ៉ាទីកង់ មន្ត្រីបានឲ្យដឹងថា សម្តេច ប៉ាប ហ្វ្រង់ស៊ីស បានផ្ញើសារទូរលេខមួយទៅកាន់ក្រុមគ្រួសាររបស់ ប៊ែរលូស្កូនី ដោយបង្ហាញពី “ការចូលរួមយ៉ាងអស់ពីចិត្ត ក្នុងការកាន់ទុក្ខ ចំពោះការបាត់បង់បុគ្គលសំខាន់ក្នុងជីវិតនយោបាយអ៊ីតាលី ដែលបានទទួលខុសត្រូវ ជាសាធារណៈជាមួយនឹងនិស្ស័យដ៏ស្វាហាប់”។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសរសេរនៅលើ Twitter របស់លោកស្រីថា លោក Berlusconi “បានដឹកនាំប្រទេសអ៊ីតាលី នៅក្នុងពេលវេលានៃការផ្លាស់ប្តូរ នយោបាយ ហើយចាប់តាំងពីពេលនោះមកបានបន្តរៀបចំ ប្រទេសជាទីស្រឡាញ់របស់លោក” ។
ដោយសម្តែងការរំលែកទុក្ខ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងថា លោក Berlusconi គឺជា “ឥស្សរជនដ៏សំខាន់ នៅក្នុងប្រទេសអ៊ីតាលី បច្ចុប្បន្ន”៕
ប្រែសម្រួល ឈូក បូរ៉ា