បរទេស៖ បុរសជាជនសង្ស័យ ដែលធ្វើការវាយប្រហារ ដោយកាំភ្លើងទៅលើការិយាល័យរដ្ឋាភិបាល ឃុំចំនួនពីរក្នុងខេត្ត ឡាក់ដាក់ ប្រទេសវៀតណាម ដែលនៅជាប់នឹងខេត្តមណ្ឌលគិរី របស់កម្ពុជា បាននិយាយថា ពួកគេត្រូវបានគេសន្យាថា នឹងផ្តល់ប្រាក់យ៉ាងច្រើន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ម្នាក់ក្នុងចំណោមពួកគេគឺឈ្មោះ ចាញ់ នី បានបង្ហាញខ្លួននៅលើទូរទស្សន៍វៀតណាម ហើយបានសារភាពថា “មេដឹកនាំ” របស់គាត់បានប្រាប់គាត់ឱ្យ “បាញ់មនុស្សគ្រប់គ្នាដែលគាត់បានឃើញ” ហើយសន្យាគាត់ថា គាត់នឹង “ក្លាយជាអ្នកមាន” ។
ចំណែកពីរនាក់ទៀតត្រូវបានចាប់ខ្លួនគឺមានឈ្មោះ អី ទីម នី និង ឈ្មោះ អី ម៉ាន់ ណូ ក៏បានធ្វើការអះអាងដូចគ្នាផងដែរ។ អី ម៉ាន់នូ បាននិយាយថា៖ «មេដឹកនាំរបស់គេបាននិយាយថា ខ្ញុំត្រូវតែឈរយាម ហើយចាក់អ្នកណាម្នាក់ដែលមិនព្រមគោរពតាមបញ្ជា»។
រហូតមកដល់ពេលនេះ មនុស្ស ៤៥នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ លើការិយាល័យគណៈកម្មាធិការប្រជាជនឃុំ អេទ័រ និង អេ ខ្ទ័រ ក្នុងស្រុក គូគួន ត្រូវបានចាប់ខ្លួន ។ ជនសង្ស័យទាំងនោះបានប្រាប់ប៉ូលីសថា ពួកគេបានចូលរួមក្នុងការប្រជុំ ដែលនីមួយៗត្រូវបានផ្តល់ភារកិច្ចជាក់លាក់ និងផ្តល់កាំភ្លើង កាំបិត គ្រាប់បែកដៃ និងគ្រាប់បែកសាំង ។
ក្នុងការវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ បានបណ្តាលឱ្យមន្ត្រីប៉ូលិសបួននាក់ មន្ត្រីឃុំពីរនាក់ និងជនស៊ីវិលបីនាក់បានស្លាប់ ហើយមន្ត្រីប៉ូលិសពីរនាក់បានរងរបួស។ មិនទាន់មានព័ត៌មានថាតើអ្នកវាយប្រហារណាម្នាក់រងរបួស ឬស្លាប់នោះទេ ។
អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈវៀតណាម លោក តូ អាន់ សូ បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរកំពុងស្វែងរកជនសង្ស័យដែលនៅសេសសល់៕