ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការបង្កើត ទំនាក់ទំនងផ្លូវទូត រវាងប្រទេសចិន និង ហុងឌូរ៉ាស អាចផ្តល់ផលប្រយោជន៍ ដល់ភាគីទាំងពីរ ទាំងពេលបច្ចុប្បន្ននិង ពេលអនាគតដ៏វែងឆ្ងាយ

«ទំនាក់ទំនងរវាងប្រទេសចិននិង ហុងឌូរ៉ាសនឹង ឈានចូលដំណាក់កាលប្រវត្តិសាស្ត្រថ្មី !» នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ តាមម៉ោងក្រុងប៉េកាំង បណ្តាញអ៊ីនធឺណែត និងប្រព័ន្ធសារព័ត៌មានធំៗ របស់ប្រទេសហុងឌូរ៉ា បាននាំគ្នាចេញផ្សាយឃ្លានេះ ។ ប្រព័ន្ធសារព័ត៌មាន របស់ហុងឌូរ៉ាស់ ក៏បានលើកឡើង ជាពិសេសថា ការដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” នឹងនាំមកនូវ” ឱកាសអភិវឌ្ឍន៍ សម្រាប់ប្រទេសខ្លួន ដើម្បីតភ្ជាប់ជាមួយទីផ្សារ កាន់តែទូលំទូលាយ” ។

សូមបញ្ជាក់ថា ហុងឌូរ៉ាសគឺជាប្រទេសដ៏សំខាន់មួយ នៅទ្វីបអាមេរិកកណ្តាល ហើយក៏ជា”មិត្តថ្មី”របស់ប្រទេសចិនផងដែរ ។ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ នេះ ប្រទេសចិននិងហុងឌូរ៉ាស បានបង្កើតទំនាក់ទំនងផ្លូវទូតដោយឈរ លើគោលការណ៍ចិនតែមួយ ហើយហុងឌូរ៉ាសបានក្លាយជាប្រទេសទី ១៨២ ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន ។ កាលពីថ្ងៃទី ១២ ខែមិថុនានេះ ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយលោកស្រី Iris Xiomara Castro Sarmiento ប្រធានាធិបតីហុងឌូរ៉ាស ដែលកំពុងបំពេញទស្សនកិច្ច នៅប្រទេសចិន លោកបាន”វាយតម្លៃខ្ពស់” ចំពោះលោស្រីដែលបានធ្វើការសម្រេចចិត្ត ជាប្រវត្តិសាស្ត្រ និងបង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំ ។ ឥស្សរជនអង្កេតការណ៍ បានលើកឡើងថា ការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិន និងហុងឌូរ៉ាស ព្រមនិងកិច្ចជំនួបរវាងប្រមុខរដ្ឋ នៃប្រទេសទាំងពីរគឺ ” មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ” ដែលនឹងនាំមកនូវអនាគតដ៏ភ្លឺស្វាង ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

ប្រការដែលគួរឱ្យលើកឡើងនោះ គឺ ប្រទេសចិននិងហុងឌូរ៉ាស បានបង្កើតទំនាក់ទំនងការទូត ដោយឈរលើគោលការណ៍ចិនតែមួយ ហើយនេះក៏ជាបុរេលក្ខខណ្ឌ និងជាមូលដ្ឋាននយោបាយ សម្រាប់អភិវឌ្ឍទំនាក់ទំនងរវាងភាគីទាំងពីរផងដែរ ។ ក្នុងកិច្ចជំនួបជាមួយលោកស្រី Iris Xiomara Castro Sarmiento លើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ម្តងទៀត ពីគោលការណ៍ចិនតែមួយ ។ ដោយឡែកលោកស្រី ប្រធានាធិបតី Iris Xiomara Castro Sarmiento បានសន្យាថា ភាគីហុងឌូរ៉ាសគាំទ្រ យ៉ាងមុតមាំព្រម និងគោរព គោលការណ៍ចិនតែមួយ ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវ ការបង្រួបបង្រួម ប្រទេសជាតិទាំងស្រុង ។ ប្រការនេះជាការ បញ្ជាក់ជាថ្មីម្តងទៀតថា គោលការណ៍ចិនតែមួយ ដែលត្រូវបានបញ្ជាក់ ក្នុងសេចក្ដីសម្រេចលេខ ២៧៥៨ នៃមហាសន្និបាត អង្គការសហប្រជាជាតិកាលពីឆ្នាំ ១៩៧១ បានក្លាយជាគំនិតឯកភាពរួម ជាទូទៅនៃសហគមន៍អន្តរជាតិ ។

យោងតាមទិន្នន័យស្ថិតិ នៃអគ្គនាយកដ្ឋានគយចិន បានបង្ហាញឱ្យឃើញថា ៤ ខែដើមឆ្នាំ ២០២៣ ហុងឌូរ៉ាសបានក្លាយ ជាប្រទេសជាប្រភពនាំ ចេញទៅកាន់ប្រទេសចិន ដែលមានកំណើនស្ថិតនៅលេខរៀង ៣ ខាងមុខពោលគឺ បានកើនឡើង ២០៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ជាពិសេសគឺ បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងយ៉ាងឆាប់រហ័ស ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិន របស់លោកស្រីប្រធានាធិបតី Iris Xiomara Castro Sarmiento ភាគីហុងឌូរ៉ាស បានដាក់ពាក្យស្នើ សុំជាផ្លូវការ ដើម្បីចូលរួមធនាគារ អភិវឌ្ឍន៍ថ្មី ភាគីទាំងពីរបានឯកភាពគ្នាថា នឹង ចាប់ដំណើរការការ ចរចាស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្រៅពីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាដើម ក៏ដូចជាបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដើម្បីប្រមូលផ្តុំគំនិតឯកភាពរួម។ល។

ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ចនៅប្រទេសចិន លោកស្រីប្រធានាធិបតី Iris Xiomara Castro Sarmiento បានវាយតម្លៃខ្ពស់ ចំពោះទស្សនៈស្តីពីសហគមន៍រួម វាសនានៃមនុស្សជាតិ គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលលើកឡើងដោយប្រទេសចិន ហើយបានបង្ហាញពីឆន្ទៈចូលរួមយ៉ាងសកម្ម ។ ប្រទេសចិននិងហុងឌូរ៉ាសសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ ការដែលភាគីទាំងពី ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ និងគាំទ្រពហុភាគី និយមយ៉ាងពិតប្រាកដមិនត្រឹមតែ នឹងជំរុញកិច្ចសហប្រតិបត្តិការ រវាងចិននិងអាមេរិកឡាទីនប៉ុណ្ណោះទេ ថែមទាំងក៏នឹងគាំពារឱ្យបានកាន់តែល្អ នូវផលប្រយោជន៍រួម របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាសមភាពនិងយុត្តិធម៌ អន្តរជាតិផងដែរ ។
សំដៅចំពោះកិច្ចសហប្រតិបត្តិការ នាពេលអនាគតរវាងប្រទេសចិន និងហុងឌូរ៉ាស គ្រប់មជ្ឈដ្ឋាននៃប្រទេសហុងឌូរ៉ាស ពោរពេញទៅដោយក្តីរំពឹងទុក ។ សមាជិក គណៈប្រតិភូហុងឌូរ៉ាស់ ជាច្រើននាក់ដែលបានបំពេញទស្សនកិច្ច នៅប្រទេសចិន នៅពេលមុននេះ មិន យូរជាប៉ុន្មានបានថ្លែងថា រីករាយធ្វើជា មិត្តល្អ របស់ប្រជាជនចិនជារៀង រហូត ។ ឈរលើគោលការណ៍ចិន តែមួយ ប្រទេសចិននឹងអភិវឌ្ឍ ទំនាក់ទំនងដ៏មេត្រីភាព រវាងចិននិងហុងឌូរ៉ាស យ៉ាងមុតមាំមិនងាករេ គាំទ្រយ៉ាងមុតមាំ នូវការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គមនៃហុងឌូរ៉ាស ក្នុងន័យទទួលបាន សមិទ្ធផលសហប្រតិបត្តិការ ជាក់ស្តែងកាន់ តែច្រើន ដើម្បីបញ្ជាក់ថា ការបង្កើតទំនាក់ទំនងផ្លូវទូត រវាងប្រទេសចិននិងហុងឌូរ៉ាស អាចផ្តល់ផលប្រយោជន៍ ដល់ភាគីទាំងពីរទាំង ពេលបច្ចុប្បន្ននិង ពេលអនាគតដ៏វែងឆ្ងាយ ៕

To Top